ព័ត៌មានជាតិ

កម្ពុជានិងថៃ ប្តេជ្ញា​បន្តពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យសាសនា ជួសជុលវត្ត និង ផ្តល់អាហារូបករណ៍សមណនិស្សិត

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងធម្មការនៃកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យសាសនារួមជាមួយគ្នាបន្ថែមទៀត។

ស្ថានទូតថៃ បានបញ្ជាក់ថាភាគីទាំងសងខាងបានសម្តែងភាពសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាយោបល់អំពីកិច្ចសហប្រតិបត្តិការខាងវិស័យសាសនារវាងថៃ និងកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគតដែលកាន់តែខិតចូលមកដល់ផងដែរនោះ រួមមាន ការឧបត្តម្ភថវិកាសម្រាប់ការជួសជុលវត្តនៅក្នុងកម្ពុជា ការផ្តល់អាហារូបករណ៍សម្រាប់សមណនិស្សិតកម្ពុជា ការរៀបចំបុណ្យកឋិនទានព្រះរាជទាន និងគម្រោងធម្មយាត្រាតាមបណ្តាប្រទេសដងទន្លេមេគង្គ។

សូមជម្រាបជូនថា ការណ៍នេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសលោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកប្រតិភូស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕

Leave a Reply

Your email address will not be published.