ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី បង្ហាញឆន្ទៈក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល លើការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិ ឲ្យសម្រេចឆាប់រហ័ស

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្ត ការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់។
ថ្លែងក្នុងពិធីពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, សម្តេចបានអំពាវនាវបន្ថែមទៀតថា “ដើម្បីឲ្យកិច្ចការកំណែទម្រង់មានប្រសិទ្ធិភាព ត្រូវមានការដាច់ខាត ប្តេជ្ញាធ្វើទាំងអស់គ្នា ហើយបង្ហាញឱ្យឃើញពីឆន្ទៈ និងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើ ហ៊ានអាកាត់ ហ៊ានវះកាត់ ហើយជាពិសេសហ៊ានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានសម្រេច”។

លោក ហ៊ុន ម៉ានី ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា “ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយស ដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់ វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ ខ្ញុំគាំទ្រឥត ងាករេ លើប្រសាសន៍ និងគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ ឲ្យសម្រេចបានកាន់តែឆាប់រហ័ស”៕

Leave a Reply

Your email address will not be published.