ព័ត៌មានជាតិ

ទណ្ឌិតចំនួន ២៦នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសបុណ្យជាតិឆ្នាំ២០២៣

កំពង់ស្ពឺ៖ ទណ្ឌិតចំនួន ២៦នាក់ ដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលខេត្តស្នើសុំលើកលែង និងបន្ធូរបន្ថយទោស នៅក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។
លោក វ៉ី សំណាង បានបញ្ជាក់ថា ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា រដ្ឋបាលខេត្ត បានស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២១នាក់ (ស្ត្រី៣នាក់) ក្នុងឱកាសបុណ្យអ៊ុំទូក សំពះព្រះខែ អកអំបុកនិង បណ្តែតប្រទីប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងក្នុងឱកាសប្រារព្ធទិវាជ័យជំនះ៧មករា ឆ្នាំ២០២៤ ចំនួន៥នាក់(ប្រុស)។ ចំពោះទណ្ឌិតទាំង ២៦នាក់នេះ ត្រូវបានស្នើសុំបន្ធូរបន្ថយទោសចាប់ពី ៣ខែឡើង និងមានម្នាក់ត្រូវបានសុំលើកលែងឱ្យរួចការអនុវត្តទោសតែម្តង។
លោក វ៉ី សំណាង បានបញ្ជាក់ឱ្យដឹងដែរថា ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងការស្នើសុំ យោងទៅលើលក្ខណៈសម្បត្តិរបស់ទណ្ឌិតក្នុងពេលកំពុងអនុវត្តទោស ដោយក្នុងនោះទណ្ឌិតអនុវត្តបានទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ មានការភ្ញាក់រលឹក កែប្រែនូវកំហុស អាកប្បកិរិយា ខិតខំប្រឹងប្រែងធ្វើការ រៀនសូត្រ អត់ធ្មត់ និយាយជារួម មានប្រក្រតីភាពឡើងវិញ។
ម្យ៉ាងវិញទៀត ដើម្បីធ្វើសមាហរណកម្មទណ្ឌិត បញ្ចូលទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិវិញតាមរយៈផ្នែកមនុស្សធម៌ ពិសេស បង្ហាញនូវការយកចិត្តទុកដាក់ គិតគូ និងលើកទឹកចិត្តដល់ទណ្ឌិតដែលអនុវត្តបានល្អក្នុងរង្វង់អនុវត្តទោសគ្រប់លក្ខខណ្ឌ។ ជាមួយនឹងលក្ខខណ្ឌបន្ធូរបន្ថយទោសលើទណ្ឌិតនេះដែរ មានទណ្ឌិតចំនួន ២៥នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយទោសចាប់ពី៣ខែ ដល់ ៦ខែ និងទណ្ឌិតម្នាក់ ត្រូវបានស្នើសុំលើកលែងឱ្យរួចទោសតែម្តង៕

Leave a Reply

Your email address will not be published.