ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ពន្យល់ពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ សង្ស័យមានលួចលាក់បង្កប់វត្ថុដែលច្បាប់ហាមឃាត់

ភ្នំពេញ៖ លោក ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពន្យល់ថា ដើម្បីបង្ហាញពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ ព្រមទាំងនីតិវិធីត្រួតពិនិត្យកញ្ចប់បញ្ញើមុនពេលទទួល ឲ្យយល់ដឹងពីបញ្ញើដែលសង្ស័យមានលួចលាក់បង្កប់វត្ថុដែលច្បាប់ហាមឃាត់ និងជំរុញឲ្យក្រុមហ៊ុនដែលផ្តលសេវាប្រៃសណី យ៍មកចុះបញ្ជីស្របច្បាប់។
ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា យើងត្រូវរួមចំណែកយ៉ាងសំខាន់ក្នុងការតាមដានវាយតម្លៃ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ក៏ដូចជា ការស្វែងរកនូវវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរមាក្នុងគោលដៅរក្សានូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងសង្គមជាតិ។
លោកអនុរដ្ឋលេខាធិការ ហួត ចាន់យ៉ារ៉េត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងនីតិវិធីទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាតឆ្លងកាត់តាមបញ្ញើប្រៃសណីយ៍។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងជាអនុប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ លោក ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងតុលាការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត តំណាងសាខាគយ និងរដ្ឋាករខេត្តកំពត ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង៩ខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តទាំង៩ សាខាប្រៃសណីយ៍កម្ពុជាខេត្តទាំង៩ និងប្រធានសាខាប្រតិបត្តិករប្រៃសណីយ៍ឯកជនជាច្រើនរូប។
មួយគ្នានោះ លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា វិស័យប្រៃសណីយ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយបញ្ញើ ស្របតាមយុគ្គសម័យឌីជីថល ដែលសកម្មភាពទាំងនេះជាការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលបច្ចុប្បន្នផងដែរ៕

Leave a Reply

Your email address will not be published.