ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោតសរសើរ និងលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឱ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាពសិក្សាកុមារកម្ពុជា។
សូមជម្រាបថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។ អាហារទាំង៦ប្រភេទនោះរួមមាន
ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និង ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែមផងដែរ៕