ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ខិតខំប្រឹងប្រែង រួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកគោលដៅរួម


ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ម្សិល មិញ ដើម្បីពិភាក្សាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក។
លោកឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរ លោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទំនាក់ ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្កការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានា ដែលត្រូវបានលើកយកមកពិភាក្សា។
ដោយទទួលស្គាល់ អំពីវិធីសាស្រ្តផ្សេងគ្នា ចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតា នៅក្នុងទំនាក់ ទំនងអន្តរជាតិ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ ដល់ប្រជាជនទាំងពីរ៕

Leave a Reply

Your email address will not be published.