ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ជំនួយចំនួនពីរ មានតម្លៃសរុប ៦,៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយ​សារការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩។
កញ្ចប់ជំនួយទីមួយមានតម្លៃ ៣,៧ លានដុល្លារ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន ៤.000 នាក់ តាមរយៈគម្រោងស្តារសហគមន៍ទេសចរណ៍សម្រាប់ការងើបឡើងវិញ ពីកូវីដ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។ ប្រមាណ​ ៣ លានដុល្លារ នៃជំនួយនេះត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក​ (the Japan Fund for Prosperous and Resilient Asia and the Pacific) ។

កញ្ចប់ជំនួយមួយទៀតមានតម្លៃ ៣,៩ លានដុល្លារ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច ចំនួន ២២.000 នាក់។​ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុង ខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។ ប្រមាណ ៣,៨ លានដុល្លារ នៃជំនួយនេះ បានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និងកែលម្អ​ អាហា​រូបត្ថម្ភនៅក្នុងប្រទេសដែលមានចំណូលទាប។
លោក Anthony Gill នាយកស្តីទី ធានាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជាបានមាន ប្រសាសន៍ថា «កញ្ចប់ជំនួយទីមួយនឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ ។ កញ្ចប់ជំនួយទីពីរ នឹង ជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះ ស្រាយ​បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩»។ ADB

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *