ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដែលផ្នែកមួយនៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ។

ជាកិច្ចចាប់ផ្ដើមលោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បានបង្ហាញក្ដីសោមនស្សរីករាយជាទីបំផុតដែលបានជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារ ព្រមទាំងគណៈប្រតិភូ នាឱកាសក៏វិសេសវិសាលនោះ ។ លោកបានបន្តទៀតថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈក្នុងនាមជាតំណាងអចិន្រ្ដៃយ៍របស់សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ជាពិសេស តាមរយៈការរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ។ បន្ទាប់មក លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យ ដែលសម្រេចបានពីពិធីចុះហត្ថលេខានេះ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងក្រុមការងារនៃសមាគម អ.ម.ត ក៏ដូចជា សមាគមពាណិជ្ជកម្មខេត្តអានហ៊ួយនៅកម្ពុជា ដែលតែងយកចិត្តទុកដាក់ខ្ពស់ និងខិតខំប្រឹងប្រែង រហូតទទួលបានលទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការមួយនេះ។

ជាការឆ្លើយតប លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណចំពោះ សមាគមអានហ៊ួយនៅកម្ពុជា ដែលបានផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈសមាគម អ.ម.ត ក៏ដូចជាសាកលវិទ្យាល័យអានហ៊ួយ ដែលតែងជួយសម្រួបសម្រួលដល់ការសិក្សា និងស្នាក់នៅរបស់និស្សិត អ.ម.ត ដោយយកចិត្តទុកដាក់គួរជាទីកក់ក្តៅ ។ លោកជំទាវបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ដូច អាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ហើយក៏ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ផងដែរ ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានស្នើឱ្យសមាគមអានហ៊ួយនៅកម្ពុជា បន្តសហការជិតស្និទ្ធជាមួយក្រុមការងារ អ.ម.ត ចិន និងសាកលវិទ្យាល័យអានហ៊ួយ ដើម្បីធ្វើយ៉ាងណាឱ្យការបញ្ជូននិស្សិតនៅដំណាក់កាលបន្ទាប់ សម្រេចទៅតាមផែនការដែលបានគ្រោងទុក និងសង្ឃឹមថានិស្សិត អ.ម.ត ដែលត្រូវបានជ្រើសរើសឱ្យទៅបន្តការសិក្សា នឹងទទួលបានការយកចិត្តទុកដាក់ និងបញ្ចប់ការសិក្សាដោយជោគជ័យគ្រប់ៗគ្នា ។

គួរបញ្ជាក់ផងដែរថា គិតចាប់តាំងពីឆ្នាំ២០១១ សមាគម អ.ម.ត បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ក្នុងក្របខណ្ឌក្រៅប្រទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិនមានចំនួន ១៨៦ នាក់ ក្នុងនោះមាននិស្សិតចំនួន ១៤៨ នាក់ កំពុងសិក្សា និងចំនួន ៣៨ នាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ ៕

Leave a Reply

Your email address will not be published.