ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន ៖ បាវចនា «កីឡារស់ក្នុងសន្តិភាព» បានជះឥទ្ធិពល ដល់បេះដូងមនុស្សជាតិគ្រប់ៗរូបឱ្យមើលឃើញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់

ចេញផ្សាយ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដមន្ត្រីបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC-CAMAPGOC) ឆ្នាំ២០២៣បានលើកឡើងថា បាវចនា «កីឡារស់ក្នុងសន្តិភាព» បានជះឥទ្ធិពលដល់បេះដូងមនុស្សជាតិគ្រប់ៗរូបឱ្យមើលឃើញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន គឺសន្តិភាព ដែលមនុស្សជាតិប្រាថ្នាចង់បានគ្រប់ៗទីកន្លែង និងគ្រប់ពេលវេលា។

 

នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន នៅក្នុងសន្ទករថា និងរបាយការណ៍ក្នុងពិធីជប់លៀងអបអរជោគជ័យស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

 

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានផ្ដល់នូវទស្សនាទានថ្មីសម្រាប់ចលនាកីឡាអូឡាំពិកអន្តរជាតិ-ចលនាប៉ារ៉ាឡាំពិកអន្តរជាតិ និងផ្លាស់ប្ដូរផ្នត់គំនិតអូឡាំពិក-ប៉ារ៉ាឡាំពិកនិយមបែបចាស់ បង្កើតរូបមន្តថ្មីបែបផែនកម្ពុជា ប្រទេសតូចមានបេះដូងទូលាយ និងទស្សនាទាន សន្សំសំចៃប៉ុន្តែបង្កើតភាពអស្ចារ្យដល់ ព្រឹត្តិការណ៍ ក្រោមសសរស្តម្ភយុទ្ធសាស្ត្រសំខាន់ៗ ៥ចំណុច ដូចជា ១.មិនយកថ្លៃស្នាក់នៅ ហូបចុក ដឹកជញ្ជូន ពីប្រតិភូកីឡាចូលរួមទាំងអស់។ ២.មិនលក់សំបុត្រចូលទស្សនាពិធីបើក-បិទ និងការប្រកួតគ្រប់ប្រភេទកីឡា។ ៣. មិនយកថ្លៃ សិទ្ធិផ្សាយទូរទស្សន៍ គ្រប់ប្រព័ន្ធផ្សព្វផ្សាយ។ ៤. មិនយកថ្លៃទិដ្ឋាការគ្រប់ប្រតិភូកីឡា និងមន្ត្រីបច្ចេកទេសអន្តរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក។ ៥. ស្របតាមគោលការណ៍អូឡាំពិកអន្តរជាតិចង់បានគឺ “ចំណាយតិចប៉ុន្តែបង្កើតភាពអស្ចារ្យ។ ដូចនេះតាមគម្រោងតួលេខចំណាយសរុបតិចជាងបណ្តាប្រទេសធ្វើម្ចាស់ផ្ទះរៀបចំមុនៗ ធ្វើឱ្យកម្ពុជាសម្រេចបានគោលដៅសន្សំសំចៃគឺចំណាយតិច ប៉ុន្តែពិតជាបង្កើតបានភាពអស្ចារ្យពិតប្រាកដ។

អនុប្រធាន CAMSOC-CAMAPGOC បានធ្វើកំណត់បង្ហាញនូវចំណុចសំខាន់បន្ថែមទៀតថា ពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាផ្លូវការបានបង្កើតនូវ ភាពភ្ញាក់ផ្អើល និងភាពអស្ចារ្យ ប្រកបដោយប្រណិតភាព និងភាពឥតខ្ចោះ។ ទស្សនីយភាពនៃពិធីបានជះឥទ្ធិពលពីកម្ពុជាទៅគ្របដណ្ដប់ប្រជាជាតិទូទាំងពិភពលោក ពិសេសភ្ញាក់ផ្អើលដល់ចលនាអូឡាំពិកអន្តរជាតិដែលមានសមាជិក២០៥ប្រទេស និងប៉ារ៉ាឡាំពិកអន្តរជាតិដែលមានសមាជិក ២០៨ប្រទេស។ អ្វីដែលលើសពីការរំពឹងទុក ទី១: គឺអរិយធម៌ អង្គររបស់បុព្វបុរសខ្មែរ និងសក្តានុពលជាតិគ្រប់វិស័យត្រូវបានដាក់បង្ហាញយ៉ាងទាក់ទាញបំផុតធ្វើឱ្យបរទេស កាន់តែស្គាល់បេះដូងខ្មែរពិតប្រាកដ។ ទី២: គឺប្រែក្លាយផ្ទាំងទស្សនីយភាពពិធីបើកពីកម្រិតស្តង់ដាព្រឹត្តិការណ៍ ប្រកួតកីឡាតំបន់ ឬទ្វីប ទៅជាពិធីបើកកម្រិតស្តង់ដាអូឡាំពិកពិភពលោក។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយទទួលបានការឯកភាព ពីក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កម្ពុជាបានដាក់បញ្ចូលប្រភេទកីឡាចំនួន ៣៧ រួមមានប្រភេទ កីឡាអូឡាំពិកចំនួន ២៣ និងប្រភេទកីឡាមិនអូឡាំពិកចំនួន ១៤ ក្នុងនោះកម្ពុជាបានបញ្ចូលកីឡា អត្តសញ្ញាណជាតិចំនួន ៣ ប្រភេទកីឡាផងដែរ រួមមាន៖ គុនខ្មែរ គុនល្បុក្កតោ និងអុកចត្រង្គ។ ដោយឡែក សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយបានការឯកភាពពីសហព័ន្ធកីឡាប៉ារ៉ាអាស៊ាន កម្ពុជាបានដាក់បញ្ចូលប្រភេទកីឡាចំនួន១៣។

ជាលទ្ធផល កម្ពុជាទទួលបានលទ្ធផលបច្ចេកទេសលើសពីការរំពឹងទុក ដែលប្រជាជនកម្ពុជាទាំងក្នុង និង ក្រៅប្រទេសមានអារម្មណ៍ភ្ញាក់ផ្អើលពីសមត្ថភាពដ៏ខ្លាំងក្លា ទេពកោសល្យដ៏ប៉ិនប្រសព្វ ជំនាញវិជ្ជាជីវៈកីឡា ដ៏គត់មត់ រួមជាមួយការបង្ហាញនូវអត្តចរិកសមរម្យ ឥរិយាបថថ្លៃថ្នូរ គោរពបទបញ្ជាការប្រកួត ក្រមសីលធម៌កីឡា គោលការណ៍លេងដោយយុត្តិធម៌របស់អត្តពលិកជាតិទើបអត្តពលិកស៊ីហ្គេមកម្ពុជាដណ្តើមបានមេដាយមាស ៨១ មេដាយប្រាក់ ៧៤ និងមេដាយសំរឹទ្ធ ១២៧ សរុបចំនួន ២៨២ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រខ្ពស់ជាងគេបំផុតសម្រាប់កម្ពុជា ដែលបានឈរចំណាត់ថ្នាក់ទី៤ ក្នុងចំណោម១១ប្រទេស។ រីឯ អត្តពលិក ប៉ារ៉ាហ្គេមក៏បានបង្ហាញពីសមត្ថភាពការតស៊ូ និងទេពកោសល្យជំនាញកីឡាយ៉ាងប៉ិនប្រសព្ធធ្វើឱ្យមហាជនកោតសរសើរ គោរពឱ្យតម្លៃគ្រប់ៗគ្នា។ ក្នុងនោះ លទ្ធផលបច្ចេកទេសក៏បានទទួលលើសពីការគ្រោងទុក គឺមេដាយមាស៩ មេដាយប្រាក់១៩ និងមេដាយសំរឹទ្ធ៤៥ សរុបចំនួន៧៣ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ លេខ៨ ក្នុងចំណោម១១ប្រទេស៕

 

Leave a Reply

Your email address will not be published.