ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ និងតំណាងUN បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានអនុញ្ញាតជូន លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ (UN) ព្រមទាំងលោក Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ (Unicef) ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងជំនួបនេះ លោក ស សុខា បានលើកឡើងពី គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ Unicef បាននិងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។
លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានថ្លែងឯកភាពជាគោលការណ៍ចំពោះការលើកឡើងរបស់ លោក ស សុខា ដោយបានកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចការពារកុមារ ក៏ដូចជាការបន្តយកចិត្តទុកដាក់លើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ លោកស្រីបានគាំទ្រ និងលើកទឹកចិត្តដល់កម្ពុជាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះថែមទៀត។
លោក ស សុខា បានស្នើដល់អង្គការ Unicef ឱ្យបន្តគាំទ្រគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ដើម្បីបន្តលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកុមារដែលកំពុងរងគ្រោះ, បន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរកុមារ និងបន្តជួយកសាងសមត្ថភាពមន្ត្រីជំនាញរបស់ក្រសួងមហាផ្ទៃតាមរយៈការបណ្តុះបណ្តាលបង្កើនសមត្ថភាពស្របតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
តបទៅនឹងការស្នើខាងលើ លោក Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ Unicef ប្ដេជ្ញាគាំទ្រផ្ដល់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្សេងៗបន្តទៀត។
លោក ស សុខា បានជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយអង្គការ Unicef ជាកត្តាចម្បងមួយក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការបន្តលើកកម្ពស់សិទ្ធិកុមារកម្ពុជា ព្រមទាំងជំរុញដល់ការដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

Leave a Reply

Your email address will not be published.