ព័ត៌មានជាតិ

លោក កែវ សុទ្ធារិទ្ធ ត្រូវបានសមាជិកសមាជិកា បោះឆ្នោតគាំទ្រ ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ដោយសំឡេងគាំទ្រ១០០%

ក្រចេះ៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សួស សិរីសួស្តី អភិបាលរងខេត្តក្រចេះ និងលោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការទំនាក់ទំនង និងអភិវឌ្ឍសភាពាណិជ្ជកម្មខេត្ត ដោយមានសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត មន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ។

ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ដល់ម៉ោង៦ល្ងាច ដែលមានបេក្ខជនឈរឈ្មោះជាសមាជិកជ្រើសតាំងចំនួន១៤រូប អ្នកចុះឈ្មោះបោះឆ្នោតមានចំនួន២៤១នាក់ និងអ្នកបានមកបោះឆ្នោត២០៤នាក់ ស្មើនឹង៨៥%។

ជាលទ្ធផលមានបេក្ខជន ១២រូប បានជាប់ជាសមាជិកជ្រើសតាំង ខណៈដែលលោក កែវ សុទ្ធារិទ្ធ ត្រូវបានសមាជិកសមាជិកា បោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ដោយសម្លេងគាំទ្រ១០០%។

ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមអបអរសាទរចំពោះបេក្ខជនជ័យលាភីសមាជិកជ្រើសតាំងទាំងអស់ ក៏ដូចជាលោក កែវ សុទ្ធារិទ្ធិ ដែលទទួលបានការបោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មក្នុងអាណត្តិនេះ។

លោកស្រី មើលឃើញថា រហូតមកដល់ពេលនេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី មានអាយុកាល៦ឆ្នាំ ក្រោមការដឹកនាំរបស់លោកប្រធានសភាពាណិជ្ជកម្មខេត្ត បានធ្វើប្រតិបត្តិការយ៉ាងជិតស្និតជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍នានាផងដែរ ក្នុងនោះសភាពាណិជ្ជកម្មខេត្ត ក៏សម្រេចបាននូវសមិទ្ធិផលជាច្រើនសម្រាប់វិស័យឯកជនក្នុងខេត្ត។

លោកស្រី សេង សុម៉ុន ជឿជាក់ថា នៅក្នុងអាណត្តិថ្មីនេះ លោកប្រធាន នឹងនាំយកមកនូវសមិទ្ធផលថ្មីៗ និងសកម្មភាពផ្សេងៗទៀត ដែលផ្ដល់ផលប្រយោជន៍ដល់ការប្រកបអាជីវកម្មជូនដល់សមាជិក សមាជិកា ដើម្បីឆ្លើយតបដល់ការគាំទ្ររបស់សមាជិក។ សភាពាណិជ្ជកម្មកម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការរួមចំណែកជាមួយសភាពាណិជ្ជកម្មខេត្ត ដើម្បីលើកស្ទួយសេដ្ឋកិច្ចក្នុងខេត្តតាមរយៈការគៀងគរអ្នកវិនិយោគមកបណ្ដាក់ទុន ឬធ្វើអាជីវកម្មដោយផ្ទាល់ដល់ខេត្តដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ថ្លែងក្នុងឱកាសនោះដែរ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមអបអរសាទរលោក កែវ សុទ្ធារិទ្ធ ដែលត្រូវបានសមាជិកសមាជិកា បោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ដោយសម្លេងគាំទ្រ១០០%។

លោក ម៉ៅ ថូរ៉ា បានជំរុញឱ្យសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី បន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងអាណត្តិថ្មីនេះ ជាពិសេស ឯកឧត្តម បានសង្កត់ធ្ងន់ថា សាមគ្គីភាពផ្ទៃក្នុង និងការអនុវត្តការងារដោយឈរលើគោលការណ៍ច្បាប់ ជាកត្តាសំខាន់ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.