ព័ត៌មានជាតិ

កម្ពុជា-វៀតណាម រួមគ្នាតាំងពិពរណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិ រួមចំណែកលើកកម្ពស់ផលិតផលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានរួមគ្នាតាំងពិពរណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតផលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ចូលរួមចំណែកក្នុងការពង្រឹង និងបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំស្ថិតឋិតថេរយូរអង្វែងថែមទៀត។ ការតាំងពិពរណ៍នេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិពរណ៍កោះពេជ្យ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានលើកឡើងថា ការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ចការពារជាតិនេះ បានជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា ដែលនេះជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ដើម្បីរឹតចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការសម្រាប់ការ អភិវឌ្ឍន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច។
លោករដ្ឋលេខាធិការប្រចាំការ បានចាត់ទុកពិព័រណ៍សេដ្ឋកិច្ចការពារជាតិនេះ ជាការបង្កើតលក្ខខណ្ឌដ៏ល្អប្រពៃមួយ សម្រាប់ពាណិជ្ជករទាំងពីរប្រទេស បានជួបប្រាស្រ័យទាក់ទងគ្នា ស្វែងរកឱកាសក្នុងការពង្រីកទីផ្សារ បង្កើនកិច្ចសហប្រតិបត្តិការក្នុងផលិតកម្ម និងអាជីវកម្ម បណ្តាក់ទុនរួមគ្នា បង្កើតភាពជាដៃគូ និងជំរុញការនាំចេញទំនិញ រួមចំណែកក្នុងការផ្សព្វផ្សាយម៉ាកយីហោ រូបភាព ផលិតផល សេវាកម្ម ធុរកិច្ច នៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល៥៦ឆ្នាំ(២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២៣)។ ឈរលើបាវចនានៃប្រទេសជិតខាងល្អមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្ដរភាពយូរអង្វែង ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរួមគ្នា ដោយបន្តកសាងចំណងសាមគ្គីភាព និងមិត្តភាពដ៏មានតម្លៃរបស់ប្រជាជាតិទាំងពីរ ដើម្បីបង្កើតនូវបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ យូរអង្វែង ដែលជាប្រយោជន៍ វិបុលភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិទាំងពីរ៕

Leave a Reply

Your email address will not be published.