ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាពនិងសម្រស់

ដុតបំផ្លាញទំនិញច្រើនមុកសាច់ច្រើនប្រភេទដែលខូចគុណភាព ខុសច្បាប់ជាង ៥០តោន ក្រោយពីរធ្វើរការបង្ក្រាបបាននៅលើទីផ្សារ

ភ្នំពេញ៖ ទំនិញខុសច្បាប់ជាង ៥០តោន ត្រូវបានដុតបំផ្លាញចោល នៅទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ពិធីនេះធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការចូលរួមពីប្រធាននាយកដ្ឋានមន្ត្រីកាំកុងត្រូល ស្ថាប័នតំណាងអយ្យការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ។ ទំនិញខុសច្បាប់ទាំងនេះ កម្លាំងសមត្ថកិច្ចចម្រុះ សហការបង្ក្រាបបានជាបន្តបន្ទាប់កាលពីពេលកន្លងមក ក្នុងបទល្មើសចំនួន ១០ករណី។

លោក មួង សុធា បានឱ្យដឹងថា ផលិតផលដែលដុតបំផ្លាញចោលនេះ រួមមាន ទំនិញ និងផលិតផលក្លែងក្លាយផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាត, ផលិតផលគ្រឿងសំអាងលាយសារធាតុគីមីខុសច្បាប់, ឱសថហួសកាលបរិច្ឆេទប្រើប្រាស់, ចំណីអាហារ និងសាច់ខូចគុណភាព ព្រមទាំងសារធាតុគីមីខុសច្បាប់ជាដើម ដែលកន្លងទៅ អាជ្ញាធរធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយដែរ។

សូមបញ្ជាក់ថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះគឺ ជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអង្គភាពស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនឹងវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

កិច្ចការបន្តនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាននិងកំពុងបន្តខិតខំអនុវត្តតាមតួនាទីភារៈកិច្ច និងដាក់ចេញនូវទិសដៅការងារបស់ខ្លួនស្រមតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបន្តចូលរួមសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានបង្ក្រាបនូវរាល់បទល្មើសសេដ្ឋកិច្ចប៉ះពាល់ដល់ខឿនសន្តិសុខសេដ្ឋកិច្ចជាតិ បទល្មើសគេចពន្ឋ, បទល្មើសនាំទំនិញ និងផលិតផលក្លែងក្លាយហួសកាលបរិច្ឆេទប្រើប្រាស់, ចំណីអាហារខូចគុណភាព និងមានសារធាតុគីមីធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published.