ព័ត៌មានជាតិ

ខេត្តកំពង់ចាមមានរោងចក្រ-សហគ្រាសចំនួនជាង៥រយ ផ្តល់ការងារជូនពលរដ្ឋជាង ៤ម៉ឺន១ពាន់នាក់ ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង ១២៥លានដុល្លារក្នុងមួយឆ្នាំៗ

កំពង់ចាម ÷ សម្រាប់ខេត្តកំពង់ចាមមានរោងចក្រ-សហគ្រាស សរុបចំនួន៥១៣ និងមានកម្មករ និយោជិតសរុបប្រមាណ ៤ម៉ឺន១ពាន់នាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង ១២៥លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខ មានចំនួន ២០ រោងចក្រ និង ប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ ២ម៉ឺន៥ពាន់នាក់ និងផ្តល់ប្រាក់ឈ្នួលសរុបជាង ៧៩លាន ដុល្លារ ក្នុងមួយឆ្នាំ។ នេះជាការថ្លែងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តះុបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ២ពាន់នាក់នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តះុបណ្តាលវិជ្ជាជីវៈ បានថ្លែងថា «ថ្មីៗកន្លងទៅនេះ ខេត្តកំពង់ចាម ទទួលបាននូវការវិនិយោគជា “តំបន់សេដ្ឋកិច្ច ពិសេសជាំងស៊ូផ្លូវជាតិលេខ៦” មានទុនសរុបចំនួន ៩៦,៤ លានដុល្លារ លើផ្ទៃដីទំហំ ៦៨ហិចតា ដែលជាការទាក់ទាញបាន នូវគម្រោងវិនិយោគថ្មីៗជាច្រើនមកក្នុងតំបន់នេះ ដែលនឹងបង្កើតឱកាស ការងារ និងផ្តល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូននៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ»។
សូមជំរាបថា កម្មវិធីនៅក្រុងកំពង់ចាម ខេត្តកំពង់ចាមនាព្រឹកនេះ មានបងប្អូនកម្មករនិយោជិតចូលរួមចំនួន ១ម៉ឺន២ពាន់ ៦០នាក់ ដែលមានស្ត្រីមានផ្ទៃពោះចំនួន ៦៣៩នាក់ មកពី ១៤ រោងចក្រ ក្នុងនោះរោងចក្រ កាត់ដេរ ចំនួន ៧, ដេរស្បែកជើងចំនួន ៥, បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១, និង រោងចក្រតម្បាញ ចំនួន ១។
នេះជាកម្មវិធីលើកទី៦ ដែលសម្តេចធិបតី បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតក្នុងនាមជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែលអាណត្តិកន្លង ទៅ សម្តេចធិបតី ក៏ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធាន ផ្នែក និងកម្មករនិយោជិតនៅតាមរាជធានី-ខេត្ត ជាច្រើនលើករួចមកហើយដែរ។
គិតត្រឹមខែតុលា ឆ្នាំ២០២៣នេះ ក្នុងនោះវិស័យវាយនភណ្ឌ, កាត់ដេរ, ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានចំនួន ១ពាន់ ៣រយ ៣៧ រោងចក្រ សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួន ៨៣ម៉ឺន ២ពាន់ ៣៣២ នាក់ ដោយបានចំណូលប្រចាំឆ្នាំប្រមាណ ២,៦ពាន់ លានដុល្លារ៕

Leave a Reply

Your email address will not be published.