ព័ត៌មានជាតិ

ក្លឹបអ្នកកាសែតកម្ពុជានិងថៃ បានទៅដល់តំបន់សក្តានុពល៣ទីតាំងនៃខេត្តកែប ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ

កែប៖ ក្នុងដំណើរទស្សនកិច្ចរបស់ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមន៍អ្នកសារព័ត៌មានថៃ មកកាន់ខេត្តកែប រយៈពេល២ថ្ងៃនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលខេត្តកែប ក្រៅតែការជួបសំណេះសំណាលរួចហើយ ក្រុមប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចនៅបណ្តាទីតាំងសក្តានុពលរបស់ខេត្តកែបចំនួន៣ទីតាំង ទី១ នៅតំបន់ឧទ្យានជាតិខេត្តកែប ទី២. តំបន់ភ្នំវល្លិ៍ និងទី៣ តំបន់ឆ្នេរអង្កោល ទៅតាមការអញ្ជើញរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។
ដំណើរទស្សនកិច្ចមកកាន់ខេត្តកែបពីថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៣នេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកាសែតកម្ពុជា និងលោក Mongkol Bangprapa ប្រធានសមាគមន៍សារព័ត៌មានថៃ ដោយទទួលស្វាគមន៍និងជូនដំណើរដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ទីរអង្គភាពជុំវិញខេត្តកែប។
ថ្លែងនាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានប្រសាសន៍ថាខេត្តកែបមានចក្ខុវិស័យច្បាស់លាស់ណាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយនេះស្ថិតក្នុងសៀវភៅផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ដើម្បីប្រែក្លាយខេត្ដកែប ជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ និងពិភពលោក។
លោកបានបន្តថា រយៈពេល២ថ្ងៃនេះ យើងបាននាំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកសារព័ត៌មានទាំងពីរប្រទេស ទៅកាន់តំបន់សក្តានុពលរបស់ខេត្ត មានតំបន់ទីក្រុងកែបចាស់ (ឧទ្យានជាតិកែប) តំបន់ភ្នំវល្លិ៍ (ជង្រុកកសិ-ទេសចរណ៍) និងតំបន់អង្កោល ដែលទាំងនេះជាតំបន់ប៉ូល អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ក្នុងសៀវភៅផែនការមេផងដែរ។
ក្រោយបញ្ចប់ទស្សនកិច្ចនេះ លោកបណ្ឌិត បានសំណូមពរដល់អ្នកសារព័ត៌មានទាំងអស់ដែលជាគណៈប្រតិភូ ចូលរួមផ្សព្វផ្សាយទីតាំងសក្តានុពលទាំងនេះ ទៅកាន់មហាជនអោយបានកាន់តែទូលំទូលាយថែមទៀត។
យ៉ាងណាលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសម្តែងការអរគុណ និងសាទរចំពោះសមិទ្ធផលដែលខេត្តសម្រេចបាននាពេលកន្លងមក និងកំពុងបន្តដំណើរអភិវឌ្ឍន៍លើវិស័យនានាបន្ថែមទៀត ក្នុងនោះលោកបានស្នើរអោយអ្នកសារព័ត៌មានទាំងអស់ ចូលរួមរំលេចបន្ថែមនូវចំណុចពិសេសៗដែលខេត្តកែបមាន ដូចជាខ្យល់បរិសុទ្ធដែលអាចព្យាបាលជំងឺផ្លូវដង្ហើម និងស្រ្តេស និងចំណុចវិជ្ជមានជាច្រើនទៀត ឆ្លងកាត់ដំណើរទស្សនកិច្ចលើកនេះ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់អាហារសាមគ្គីនៅឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ អភិបាលខេត្តកែប និងគណៈប្រតិភូ បានចូលរួមប្រលែងក្តាមមេពូជចូលទៅក្នុងសមុទ្រវិញជានិមិត្តរូប តាមរយៈសាលាក្តាមរបស់សហគមន៍នេសាទអង្កោលផងដែរ៕

Leave a Reply

Your email address will not be published.