ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាម៉េរិកលើកឡើងថា នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើផ្នែកវប្បធម៌ន្ថែមទៀត


សៀមរាប៖ ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា លោក W.Patrick Murphy បានសម្តែងនូវក្តីសាទរចំពោះប្រជាជនកម្ពុជា ក្នុងឱកាសដែលប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក និងថា អាម៉េរិក នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើផ្នែកវប្បធម៌បន្ថែមទៀត។

ឯកអគ្គរដ្ឋទូតអាម៉េរិក បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ប្រមាណ៦០នាក់ មកបំពេញទស្សនកិច្ចខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ លោកលើកឡើងថា ការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះ គឺជាតំបន់ បេតិកភណ្ឌពិភពលោកទី៤របស់កម្ពុជា ដែលការចុះបញ្ជីនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងសម្រាប់ពិភពលោក ព្រោះយើងមានតំបន់បេតិកភណ្ឌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្ថែមទៀត។

លោកទូតបន្តថា កន្លងមកនៅក្នុងរមណីយដ្ឋានអង្គរ អាម៉េរិកបានផ្តល់ជំនួយជាបន្តបន្ទាប់ ដើម្បីជួយស្តារ និងការពារប្រាសាទដ៏ល្បីល្បាញ ។ ជាមួយគ្នានោះកាលពីខែមុន អាម៉េរិកបានប្រកាសជាសាធារណៈថានឹងផ្តល់ជំនួយថ្មីដែលចំនួន៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ លោកបន្តថា ដូច្នេះយើងមានការរីករាយក្នុងភាពជាដៃគូ ហើយយើងក៏នឹងពិភាក្សាជាមួយអាជ្ញាធរនានាដើម្បីស្វែងរកតម្រូវការ ថាពួកយើងនឹងជួយអ្វីបានខ្លះ។

កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កម្ពុជា និងសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ ដោយបន្តការងាររយៈពេល ០៥ឆ្នាំទៀត ទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យានៃប្រទេសកម្ពុជា» និងកាត់បន្ថយការលួចប្លន់នៃវត្ថុបុរាណដ៏ល្អឯកពីប្រទេសកម្ពុជា។
បន្ថែមពីនេះ ការបន្តអនុស្សរណៈនៃការយោគយល់គ្នានេះនឹងបន្តការផ្លាស់ប្តូរគា្ននូវវត្ថុបុរាណ និងវត្ថុជាតិពន្ធុវិទ្យា សម្រាប់បំណងផ្នែកវប្បធម៌ អប់រំ និងវិទ្យាសាស្ត្រ ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនយល់កាន់តែច្បាស់ និងផ្តល់តម្លៃ ដល់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

ក្នុងរយៈពេល ២០ឆ្នាំកន្លងមក អនុស្សរណៈនៃការយោគយល់គ្នា នេះបានជួយសម្រួលដល់ការ បញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណដ៏មានតម្លៃចំនួនជាង១០០ដុំ និងបានកសាងសមត្ថភាពរបស់ ជនជាតិខ្មែរដែលធ្វើការងារថែរក្សា គាំពារបេតិកភណ្ឌវប្បធម៌។

គួរបញ្ជាក់ថា តាំងពីឆ្នាំ ២០០១មក សហរដ្ឋអាម៉េរិក បានផ្ដល់ជំនួយជាថវិកាជិត ៦លានដុល្លារ សម្រាប់ការអភិរក្ស វប្បធម៌នៅកម្ពុជា ដែលរួមមានជំនួយជាថវិកាសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ ជួយដល់សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង បង្កើតបញ្ជីសារពើភណ្ឌតាមប្រព័ន្ធអនឡាញនៃវត្ថុសិល្បៈនៅសារមន្ទីរតាមខេត្តនានា និងអប់រំផ្សព្វផ្សាយដល់សាធារណជនលើការ ការពារបេតិកភណ្ឌវប្បធម៌។

លោក W.Patrick Murphy ក៏បានរំពឹងផងដែរថា តាមរយៈសហប្រតិបត្តិការរវាង កម្ពុជា និងសហរដ្ឋអាម៉េរិក វត្ថុបុរាណខ្មែរចំនួន៣៣ដុំ ដែលខ្លះត្រូវបានគេយកចេញពីប្រាសាទបន្ទាយស្រី ខ្លះពីអង្គរធំ និងខ្លះមកពីកោះកេរ ក៏នឹងត្រលប់មកកាន់កម្ពុជាវិញក្នុងពេលដ៏ឆាប់ខាងមុខនេះ៕


Leave a Reply

Your email address will not be published.