ប៉ៃលិន៖ ពិធីបើកការផ្សព្វផ្សាយស្តីពី យុទ្ធនាការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត សម្រាប់ខេត្តប៉ៃលិន មានលោក សុខ ពិសី អភិបាលរងខេត្ត បានអញ្ជើញជាគណៈអធិបតី ដែលរៀបចំដោយមន្ទីរផែនការខេត្ត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
លោក សុខ ពិសី បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញ ទំហឹងក្នុងការសំភាសន៍ផ្តល់ប័ណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តី ដែលបម្រើការនៅតាមហាង រង្គសាល ឌីស្កូតែក KTV កន្លែងម៉ាស្សា ដែលធ្វើការទទួលប្រាក់កម្រៃ តែមិនមែនជាប្រាក់បៀវត្សនោះឡើយ ។
ដើម្បីឱ្យដំណើរការផ្សព្វផ្សាយការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព្រឹត្ដិទៅមានភាពរលូន និងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំបញ្ជីសម្រង់បុគ្គល ឬគ្រួសារមានសមាជិកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ ដែលមានការលំបាកផ្នែកជីវភាពនៅតាមភូមិនីមួយៗ ហើយអ្នកដែលបញ្ចូលក្នុងបញ្ជីបានលុះត្រាតែអ្នកទាំងនោះបានស្នាក់នៅ ក្នុងភូមិយ៉ាងតិចរយៈពេល៣ខែ និងត្រូវមានឯកសារពាក់ព័ន្ធ មានដូចជា សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ផងដែរ។
លោក សយ សារុន ប្រធានមន្ទីរស្តីទី នៃមន្ទីរផែនការខេត្តបានថ្លែងថា៖ ចំពោះយុទ្ធនាការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការលំបាកផ្នែកជីវភាពនេះ គឺគោលបំណង ផ្តល់ឱកាសជូនបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបាននូវការគាំពារ ផ្នែកថែទាំសុខភាព ដោយឥតបង់ថ្លៃ នៅតាមមូលដ្ឋាន សុខាភិបាលសាធារណៈ និងអត្ថប្រយោជន៍គាំពារសង្គមផ្សេងៗទៀត ពីរាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ៕
