ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស៖ “ភាពជឿទុកចិត្តចំពោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ”

ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ បានធ្វើការឆ្លើយតបនៅចំពោះមុខ នៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយថ្មីៗនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស, អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចតទៅ៖

១. ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការ អះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។

២. ការបំភ្លេចចោលដោយចេតនា ចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា គឺជាឧទាហរណ៍នៃការអត្ថាធិប្បាយប្រកប ដោយភាពលម្អៀងរបស់អង្គការ HRW ជោគជ័យរបស់កម្ពុជាជាច្រើន រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពរស់នៅ ការពង្រីកនូវវិធានការគាំពារសង្គម សម្រាប់ក្រុមពលរដ្ឋងាយរងគ្រោះ កម្មវិធីជាគំរូក្នុងការផ្តល់វ៉ាក់សាំងកូវីដ-១៩ ភាពប្រសើរឡើងនៃអត្រាអក្ខរកម្ម ការលុបបំបាត់ជំងឺគ្រុនចាញ់ និងការរីកចម្រើនក្នុងកំណែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ត្រូវបានមើលរំលងជាប្រព័ន្ធ ដោយអង្គការមួយនេះ។
៣. វឌ្ឍនភាពគួរឱ្យកោតសរសើររបស់កម្ពុជា ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់ខ្លួន ត្រូវបានស្ដែងឡើងតាមរយៈអត្រា ៧២,៥% នៃសូចនាករ និងអនុសូចនាករ SDGs របស់កម្ពុជា ដែលកំពុងស្ថិតក្នុងមាគ៌ាសម្រេចបានតាមគោលដៅកំណត់។ គួរឱ្យកត់សម្គាល់ដែរថា ឯកអគ្គរដ្ឋទូតលោកខាងលិចមួយរូបប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកសរសើរកម្ពុជាថា ជាប្រទេសនៃ «អព្ភូតហេតុសេដ្ឋកិច្ច»។
៤. ការថ្លែងថា ការបោះឆ្នោតទូទៅឆ្នាំ ២០២៣ ត្រូវបានធ្វើឡើងក្រោមការរឹតត្បិតលំហយ៉ាងធ្ងន់ធ្ងរនោះ គឺមិនមែនជាការពិតទាល់តែសោះ។ ការពិត ការបោះឆ្នោតនេះ ដែលមាន គណបក្សចំនួន១៨ ប្រកួតប្រជែងគ្នា ជាមួយនឹងអត្រានៃអ្នកទៅចូលរួមបោះឆ្នោត ដ៏គួរឱ្យកត់សម្គាល់រហូតដល់ជិត៨៥% បានគូសបញ្ជាក់ពីភាពចាស់ទុំ ខាងលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជាទៅវិញទេ។ កំណត់ត្រានៃចំនួនអ្នកទៅបោះឆ្នោតដ៏ខ្ពស់នេះ គឺជាសក្ខីភាព បញ្ជាក់ពីការជឿជាក់របស់ប្រជាពលរដ្ឋ ចំពោះដំណើរការបោះឆ្នោត និងបញ្ជាក់ពីការបដិសេធរបស់ពួកគាត់ ចំពោះការអំពាវនាវឱ្យធ្វើពហិការចំពោះការបោះឆ្នោតពីសំណាក់ អ្នកនយោបាយជ្រុលនិយម។ សេចក្តីថ្លែងការណ៍នានា របស់អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ដែលតំណាងឱ្យ ៦៥ប្រទេស បានសបញ្ជាក់ឱ្យឃើញថា៖ ការបោះឆ្នោតទូទៅនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព សន្តិភាព និងប្រកបដោយបរិយាប័ន្ន ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ជាធរមាន។

៥. អង្គការ HRW តែងតែធ្វើមិនដឹងមិនឮម្ដងហើយម្ដងទៀត ចំពោះវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងជ្រុលនិយមរបស់ក្រុមប្រឆាំងមួយចំនួន។ ក្រុមនោះបានផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្អួចមិនរើសមុខ ញុះញង់ឱ្យមានអំពើហិង្សានិងស្អប់ខ្ពើម ជាតិសាសន៍ ព្រមទាំងអំពាវនាវដោយចំហ ឱ្យមានការបះបោរប្រឆាំងរាជរដ្ឋាភិបាលផងដែរ។ សកម្មភាពបែបនេះ គឺផ្ទុយទៅនឹងគោលការណ៍ នៃការបញ្ចេញមតិប្រកបដោយភាពទទួលខុសត្រូវ និងតាមបែបលទ្ធិ ប្រជាធិបតេយ្យ។

លោកអ្នកនាំពាក្យបញ្ជាក់ថា ភាពជឿទុកចិត្តចំពោះអង្គការ HRW ត្រូវបានបាត់បង់យូរណាស់មកហើយ ពោលគឺតាំងពី ឆ្នាំ ២០១៤ នៅពេលដែលអតីតឧបការីនៃអគ្គលេខាធិការអ.ស.បចំនួន ១ រូប ម្ចាស់ជ័យ លាភីពានរង្វាន់ណូបែលសន្តិភាពចំនួន ២រូប និងក្រុមបញ្ញវ័ន្តប្រមាណជាង ១០០រូបផ្សេងទៀត បានធ្វើការរិះគន់ជាសាធារណៈ ចំពោះភាពលំអៀង និងស្តង់ដាពីរ ដែលអង្គការមួយនេះបានប្រកាន់យក៕
3

Leave a Reply

Your email address will not be published.