ព័ត៌មានជាតិ

ប្រធានសមាគមជប៉ុន-កម្ពុជា ប្រកាសថា នឹងត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេស​សហគ្រាស ធុនតូចនិង មធ្យម មកវិនិយោគ លើផ្នែកសំខាន់ៗនៅកម្ពុជា


ភ្នំពេញ ÷ឯកឧត្ដម Takahashi Furiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិង មធ្យម (SMEs) មកវិនិយោគ លើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលឯកឧត្តម បានសន្ទនា​ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

​ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួប សម្ដែងការគួរ​សម​ជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមប្រធានសមាគម បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលការងារ​ដែលសមាគម សម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអរអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើ​ឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយ គណៈកម្មាធិការជាតិរៀប​ចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តម​ប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀម អញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហ​គ្រាស ធុនតូចនិង មធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែល​ឯកឧត្តម បានសន្ទនា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះ​ការគាំទ្រ​លើការវិនិយោគ ស្របតាមច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណង​ចង់​ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន (១) ការបង្កើតរោងចក្រ ដើម្បី​កែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោង​ចក្រ​ដំឡើង​រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងថាមពល ជាដើម។ សម្តេចតេជោ បាន​ផ្ដល់​តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយចាត់ទុកថាជាស្ពាន​ឬស្សី​ដែល​ត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាយើងមានស្ពានបេតុង ដែលជាទំនាក់​ទំនង​ការ​ទូតល្អ រវាងរដ្ឋនិងរដ្ឋ ក៏ដោយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរម្លឹកដល់ភាគីមិត្តអំពី​ទស្សន​វិស័យ នៃការកសាង សន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិត​កម្ម និងគំនិតផ្ដួចផ្ដើមនៃការបង្កើតសមាគម បណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរ​ភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ៕

Leave a Reply

Your email address will not be published.