បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងចុះពិនិត្យមើលស្ថានភាពស្រូវ អង្ករ ការបង្កបង្កើនផលដំណាំស្រូវ និងការប្រមូលផលស្រូវរបស់ប្រជាកសិករ នៅខេត្តចំនួន ៤ នៅភាគពាយ័ព្យនៃប្រទេសជាប់ព្រំដែនថៃ ដែលរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ៤របស់កម្ពុជា ដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងមច្ឆជាតិ។
នៅក្នុងដំណើរចុះមូលដ្ឋានផ្ទាល់ជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅតាមបណ្តាខេត្តទាំងនេះ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជា សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដើម្បីទទួលបានទន្និផលខ្ពស់ មានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ ដូចជា សែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ ទទួលបានទន្និផល និងបង្កើនផលចំណេញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារ និងមានតម្លៃល្អផងដែរ។
លោករដ្ឋមន្ត្រី ឌិត ទីណា បានកត់សម្គាល់ឃើញថា ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង គឺស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញតែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រងែ សមរម្យជូនកសិករមានប្រាក់ចំណេញ។
លោករដ្ឋមន្ត្រី អះអាងថា ទៅថ្ងៃមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ពីគោលនយោបាយពូជសុទ្ធ។
ក្រៅពីការចុះពិនិត្យមើលការបង្កបង្កើនផលស្រូវរបស់កសិករ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានចុះពិនិត្យមើលស្ថានភាពភូមិសាស្រ្តនៅតាមបន្ទាត់ព្រំដែន ដោយរួមជាមួយប្រតិភូអមដំណើរការចុះពិនិត្យមើលយុទ្ធសាស្រ្តនៃការនាំចេញ-ចូលតាមព្រំដែន ពិសេសផ្តោសំខាន់លើផលិតផលកសិកម្ម ដែលកសិករផលិតបាន ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស
យោងតាមឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តម្លៃស្រូវខែនេះ ឆ្នាំនេះ មានតម្លៃថ្លៃជាង ខែនេះ ឆ្នាំណាៗទាំងអស់ រយៈពេល ៣០ឆ្នាំ។ ចំណែកតម្លៃជី ឆ្នាំ ២០២៣ ថោកជាង ឆ្នាំ ២០២១-២០២២។
តម្លៃស្រូវសើម ឬស្រូវនៅតាមវាលស្រែ នៅតាមបណ្តាខេត្តមួយចំនួន គិតត្រឹមថ្ងៃទី ១១ខែកញ្ញា ឆ្នាំ ២០២៣ សម្រាប់ស្រូវក្រអូប មានតម្លៃចន្លោះពី ១.២១០ ទៅ ១.២២០រៀល ក្នុងមួយគីឡូក្រាម, ស្រូវអូអឹម ថ្លៃចន្លោះពី ១.១២០ ទៅ ១.២១០រៀល ក្នុងមួយគីឡូក្រាម, ស្រូវអ៊ីអ៊ែ ថ្លៃ ១.២០០រៀល ក្នុងមួយគីឡូក្រាម និងស្រូវស្រងែ ថ្លៃពី ១.១៧០ទៅ ១.១៨០រៀល ក្នុងមួយគីឡូក្រាម។ នេះបើយោងតាមស្ថិតិតារាងតម្លៃស្រូវប្រចាំថ្ងៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជ្រើសរើស និងកំណត់យកខេត្តចំនួន ៤ គឺខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដើម្បីបង្កើតទៅជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ក្នុងគោលបំណងឆ្លើយតបទៅនឹងកំណើនវិស័យកសិកម្ម និងមច្ឆ ជាតិ ពីព្រោះខេត្តទាំង ៤នេះ សម្បូរទៅដោយស្រូវ និងត្រី ដើម្បីកែច្នៃនាំចេញទៅទីផ្សារតំបន់ និងពិភពលោក៕