ព័ត៌មានជាតិ

វត្ថុបុរាណច្រើន ដែលត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ខេត្តព្រះសីហនុ ត្រូវបានប្រគល់ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

ខេត្តព្រះសីហនុ៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រគល់សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខ បានរកឃើញ និងស្រង់ចេញពីសំពៅលិចក្នងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវ និងកោះឬស្សីប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ យកទៅរក្សាទុក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ស.ស. ប្រាប់ថា សមុច្ច័យក្រឡភាជន៍ និងវត្តុផ្សេងៗ (វត្តុបុរាណ) ប្រគល់
ជួនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួង ធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ ក្រោមការចូលរួមពីលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដា្ឋនបេតិកភ័ណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរវីប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។
បន្ទាប់ពីបានធ្វើការប្រគល់ទទួល និងដឹកជញ្ជូនវត្ថុបុរាណទាំងនោះ ដាក់ក្នុងឃ្លាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ លោក ប៊ុត បុប្ផា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា វត្ថុបុរាណ គឺជាសម្បត្តិវប្បធម៌ ដែលត្រូវរក្សាទុក ដើម្បីយុវជនជំនាន់ក្រោយបានយល់ដឹងពីវប្បធម៌ជាតិ។
លោកសូមអំពាវនាវដល់សាធារណជន ប្រសិនបើប្រទះឃើញវត្តបុរាណនានា សូមទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ឬមន្ទីរវប្បធម៌ខេត្ត ដើម្បីចុះទៅពិនិត្យ និងយកមករក្សាទុកក្នុងសារមន្ទីរ ព្រោះការជួញដូរវត្ថុបុរាណ គឺជាអំពើល្មើសច្បាប់៕

Leave a Reply

Your email address will not be published.