ព័ត៌មានជាតិ

ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមឆ្ពោះ ទៅកាន់ព្រះមេរុមុខវត្តបទុមវតី

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤

ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមហើយ នាព្រលឹមថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះ ទៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិទៅវត្តភ្នំ បន្តតាមបណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់វិមានឯករាជ្យ និងបន្តទៅកាន់ព្រះមេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើពិធីថ្វាយព្រះភ្លើង។

 

សូមរម្លឹកជូនថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។

 

បន្ទាប់ពីព្រះទិវង្គត រាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយក្នុងនោះ ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្ដអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ត្រឹមពាក់កណ្ដាលនៃដងទង់ជាតិ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

 

ក្នុងឱកាសតម្កល់ព្រះបរមសព៣ខែកន្លងទៅនេះ មានការយាង និមន្ត និងអញ្ជើញមកគោរពថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកប្រទេសគ្រប់លំដាប់ថ្នាក់ និងមន្ត្រីសង្ឃជាន់ខ្ពស់អន្តរជាតិ និង មន្ត្រីទូតបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

ចំណែកឯ ពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះ មានមន្ត្រីសង្ឃជាន់ខ្ពស់ជាច្រើនប្រទេស បាននិមន្តចូលរួមដើម្បីជាការដឹងដ៏ជ្រាកជ្រៅចំពោះ ព្រះបរមសព។

 

ខណៈ ក្បួនដង្ហែព្រះបរមសព ប្រុងប្រៀបរៀបនឹងចេញដំណើរទៅហើយ ប្រជាពុទ្ធបរិស័ទបង្ហាញអារម្មណ៍សង្វេគ ស្រណោះអាឡោះអាល័យ ព្រះបរមសព ជាពន់ពេកចំពោះគុណូបការៈដ៏ថ្លៃថ្លាដែលបានបូជា ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

Leave a Reply

Your email address will not be published.