ព័ត៌មានជាតិ

អគ្គនាយកដា្ឋនគយ បំភ្លឺ​ពាក់ព័ន្ធនឹកការចុះចាប់ទូរសព្ទ​ជាង​ ១០០០គ្រឿង​ ពីក្នុងហាងលក់ទូរសព្ទមួយចំនួននៅខេត្តត្បូងឃ្មុំ ០១-មិថុនា-ឆ្នាំ២០២៤

ត្បូងឃ្មុំ៖​ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ បានឱ្យដឹងថា​ ការចុះចាប់​ និងដកហូតទូរសព្ទ​ពីក្នុងហាងមួយ​ចំនួន​ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នាពេលថ្មីៗកន្លងមកនេះ ដោយសារទូសព្ទទាំងនោះគ្មានពន្ធនាំចូល។

ក្នុងសេចក្តីបំភ្លឺ​របស់​ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៤​ បានបញ្ជាក់ថា​ ការចុះចាប់​ និងដកហូតទូរសព្ទខាងលើជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ មន្ត្រីនៃស្នងការដ្ឋាននគរបាល និងអាជ្ញាធរមូលដ្ឋាន​ ក្រោមកិច្ចសម្របសម្រួលពី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ​ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះ​ រួមមាន ទូរសព្ទ​ ប្រេងម៉ាស៊ីន​ និងគ្រឿងអគ្គិសនីមួយចំនួន។

អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ បានលេីកឡេីងថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពី​ គយជាធរមាន​ ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងប្រកាសលេខ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។

ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយ​ និងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា​ មានទូរសព្ទស្មាតហ្វូនថ្មីចំនួន​ ៣៥៦គ្រឿង និងទូរសព្ទប្រើរួច ចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ​ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។

បច្ចុប្បន្នទូរសព្ទទាំងនេះ​ ត្រូវបាននាំយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា​ ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ​ និងរដ្ឋាករមានសមត្ថកិច្ច​ នឹងប្រគល់ជូនម្ចាស់វិញ។

អគ្គនាយកដា្ឋនគយ​ ក៏បានឱ្យដឹងដែរថា​ កន្លងមក អគរ តែងចុះផ្សព្វផ្សាយជាប្រចាំ ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជីវករតាមអាជីវកម្មដ្ឋាននានា តាមរាជធានី-ខេត្ត ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល​ ជាពិសេសការតម្រូវឱ្យមានត្រាគយលើទំនិញកំណត់ពិសេសដូចជា ទូរសព្ទ និងគ្រឿងអេឡិកត្រូនិចមួយចំនួន​ ហើយក៏មានការបិទផ្សាយខិតបណ្ណអំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះនៅតាមអាជីវកម្មដ្ឋានផងដែរ។
អគ្គនាយកដា្ឋនគយ​ ក៏បានអំពាវនាវឱ្យគ្រប់អង្គភាពស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម​ ចូលរួមគាំទ្រអនុវត្តច្បាប់តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញដែលបានបំពេញកាតព្វកិច្ចពន្ធ​ និងអាករត្រឹមត្រូវ​ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅកម្ពុជាទាំងអស់គ្នា៕

Leave a Reply

Your email address will not be published.