ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន! បាត់ដំបង ÷ ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន!
បាត់ដំបង ÷ ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីធ្លារខាងមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន ក្បែរព្រំដែនប្រទេសថៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីភាពចាំបាច់ខ្លាំងក្នុងការរឹតបន្តឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមបណ្ដាខេត្តជាប់ព្រំដែន។

ដោយផ្អែកលើបទពិសោធ និងលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ជាបន្តបន្ទាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំ ដែលបាននិងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀន ផងដែរ។

ការគូសបញ្ជាក់យ៉ាងដូច្នេះពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់អង្គប្រជុំដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង រួមទាំងអង្គភាពកងកម្លាំងចម្រុះ រួមមាន៖ នគរបាល កងទ័ព និងកងរាជអាវុធហត្ថ បានស្ដាប់របាយការសង្ខេបស្ដីពីលទ្ធផលនៃកិច្ចប្រតិបត្តការបង្ក្រាបគ្រឿងញៀនក្នុងខេត្តបាត់ដំបង ដែលឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានរាយការណ៍អំពីវិធានការអប់រំ វិធានការរដ្ឋបាល ការប្រមូលជនញៀនថ្នាំ ការអនុវត្តច្បាប់និងការបង្ក្រាប ការពង្រឹងសមត្ថកិច្ចទទួលខុសត្រូវតាមច្រកទ្វារនិងខ្សែបន្ទាត់ព្រំដែន និងការត្រួតពិនិត្យធ្វើតេស្តរកសារធាតុញៀនក្នុងជួរមន្ត្រីរាជការ។

ជាការកត់សម្គាល់ ឯកឧត្តម សុខ លូ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤ សមត្ថកិច្ចក្នុងខេត្ត បង្ក្រាបបានបទល្មើសគ្រឿងញៀន ចំនួន ៣២៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦៥នាក់ ស្រី៥៦នាក់ ក្នុងនោះមានករណីជួញដូរ រក្សាទុកចំនួន ២២៧ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦២នាក់ ករណីប្រើប្រាស់ ចំនួន ៩៧ករណី ឃាត់ខ្លួនជនរងគ្រោះ ១០៣នាក់ បញ្ជូនទៅមជ្ឈមណ្ឌលបន្សាបក្តីសង្ឃឹម ខណៈការពិនិត្យធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រលើមន្ត្រីរាជការស៊ីវិល ចំនួន ២ ៧១៥នាក់ មានលទ្ធផលវិជ្ជមាន ១៣នាក់។

បើតាមរបាយការណ៍ដដែល វត្ថុតាងនៃបទល្មើស រួមមាន ដកហូតសារធាតុញៀនសរុប ១១ ២៧០,៩ក្រាម ក្នុងនោះរួមមាន ៖ មេតំហ្វេតាមីប្រភេទទឹកកក មេតំហ្វេតាមីប្រភេទគ្រាប់ អុិចស្តាស៊ី កេតាមីន ដើមកញ្ញាស្រស់ ជញ្ជីងថ្លឹង រួមម៉ូតូ ១៤៤គ្រឿង រថយន្ត ៧គ្រឿង ទូរសព្ទ ៣៣៨គ្រឿង កាំភ្លើងខ្លី ២ដើម គ្រាប់អាវុធខ្លី ១៨គ្រាប់ អាវុធច្នៃ ១ដើម កាំបិត ១ ពូថៅ ៤ ម៉ូតូកង់បី ២គ្រឿង កុំព្យូរទ័រយួរដៃ ១ លិខិតឆ្លងដែន ១ ប្រាក់និងគ្រឿងអលង្ការ ព្រមទាំងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនធំទៀត។

បន្ថែមពីនេះ ខេត្តបានចាត់តាំងអភិបាលរងខេត្តទទួលបន្ទុកដឹកនាំ ក្រុមការងារស្នងការរងទទួលបន្ទុកគ្រឿងញៀន ដើម្បីអនុវត្តលើការងារសន្តិសុខ ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនក្រុងស្រុក និងពង្រឹងសមត្ថកិច្ចទទួលខុសត្រូវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារតំបន់ព្រំដែន និងបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាទៀងទាត់តាមបណ្តាស្រុកជាប់ព្រំដែន ដើម្បីបង្ការបង្ក្រាបការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាការទប់ស្កាត់ការនាំចូលសារធាតុគីមីផ្សំផលិតជាគ្រឿងញៀន។ ក្រៅពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានគូសបញ្ជាក់អំពីយន្តការសហប្រតិបត្តការជាមួយភាគីថៃ និងភ្នាក់ងារអង្គការសហប្រជាជាតិផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានបម្តមានប្រសាសន៍ទៀតថា ក្នុងនីតិកាលទី៧នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញឆន្ទៈនយោបាយមុតស្រួចលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញទស្សនដឹកនាំ សម្អាតផ្ទះយើង ជាពិសេសបទបញ្ជាលេខ០១ ប.ប អនុវត្តការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីរាជការ កងកម្លាំង និងអ្នកបម្រើការងារគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាភាពស្អាតស្អំ និងឈានដល់ការបណ្ដេញចេញពីក្របខណ្ឌរដ្ឋ លើរាល់អ្នកដែលរកឃើញថាប្រើប្រាស់ និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន។ នៅមានត……..

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា សម្រាប់ក្រសួងមហាផ្ទៃ ដែលផ្ដើមការធ្វើតេស្តលើមន្ត្រីនិងកងកម្លាំងក្រោមឱវាទតាំងពីដើមនីតិកាលទី៧ មកនោះ គឺនឹងមិនបញ្ចប់វិធានការសម្អាតផ្ទះយើង នេះឡើយ ដរាបណាបញ្ហាគ្រឿងញៀននៅតែបន្តមានក្នុងសង្គមកម្ពុជា។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀន គឺសម្រាប់ជនទូទៅអាចអនុវត្តវិធានការផ្សព្វផ្សាយអប់រំបាន ប៉ុន្តែសម្រាប់អ្នកដែលបាននឹងកំពុងប្រើប្រាស់គឺមានតែវិធានការច្បាប់ និងការយកទៅបន្សាបស្ដារនីតីសម្បទា ដោយគ្មានការយោគយល់ និងលើកលែងប៉ុណ្ណោះ ទើបអាចធានាប្រសិទ្ធភាព លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន។

ភ្ជាប់នឹងការរឹតបន្តឹងការចរាចរណ៍លួចលាក់ឆ្លងកាត់ព្រំដែន ដូចបានបញ្ជាក់ពីខាងដើម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួលនានាដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបដែរនូវការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានប្រកាសត្រៀមសុនខហិតគ្រឿងញៀន ចំនួន ៤០០ក្បាល ដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្ត និងកម្លាំងរឹតបន្តឹងគ្រឿងញៀនឆ្លងដែន។

ពីកិច្ចប្រជុំនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្ដល់អនុសាសន៍ឱ្យផ្សព្វផ្សាយសារអប់រំ ៣កុំ-១រាយការណ៍ នៅរៀងរាល់ចុងបញ្ចប់ នៃកម្មវិធីសាធារណៈ និងកិច្ចប្រជុំគ្រប់កម្រិត បន្តយកចិត្តទុកដាក់ខ្ពស់លើការចរាចរណ៍សាធាតុគីមីផ្សុំដែលអាចកែច្នៃផលិតជាគ្រឿងញៀន ពិសេសការដឹកជញ្ជូនតាមច្រកព្រំដែន បន្តការអនុវត្តបទបញ្ជាលេខ០១ ប.ប និងគោលការណ៍សម្អាតផ្ទះយើង ឱ្យបានជាប់ជាប្រចាំ ខណៈក្នុងពេលខាងមុខ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន គ្រោងនឹងរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍គ្រឿងញៀន ដោយក៏ផ្ដោតលើការចរាចរណ៍ឆ្លងកាត់ព្រំដែនផងដែរ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅបញ្ជាការដ្ឋាន វរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តទៅសួរសុខទុក្ខមន្ត្រី និងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអូររំដួល ស្ថិតនៅស្រុកសំពៅលូន និងនៅច្រកទ្វារព្រំដែនអូរអន្លក់ ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងអំណរគុណ និងបន្តលើកទឹកចិត្តដល់សមត្ថកិច្ចទាំងសុីវិល នគរបាល និងកងទ័ព ខិតខំរួមសហគ្នាការពារបូរណភាពទឹកដី ពង្រឹងសន្តិសុខតាមខ្សែបន្ទាប់ព្រំដែន ពិសេសបង្ក្រាបបទល្មើសចរាចរណ៍ដឹកជញ្ជូនគ្រឿងញៀន និងបទល្មើសជួញដូរមនុស្ស ព្រមទាំងបន្តកិច្ចសហប្រតិបត្តការប្រកបដោយសន្តិសហវិជ្ជមានជាមួយភាគីថៃ ដើម្បីកសាងនិងថែរក្សាព្រំដែនសន្តិភាពនិងការអភិវឌ្ឍ៕

Leave a Reply

Your email address will not be published.