ព័ត៌មានជាតិ

គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ

ចេញផ្សាយ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤
ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥​ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-រុស្ស៊ី និងជំនួយការ២រូប​ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៤​ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

ឯកឧត្តម​ ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី​ក៏បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងបេសកកម្មសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៉ីឆ្នាំ២០២៤នេះដែរ។

ក្នុងអំឡុងពេលសង្កេតការណ៍នេះ គណៈប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Gennady Ivanovich Ordenov សមាជិកក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងឯកឧត្តម Vladislav Davankov បេក្ខភាពប្រធានាធិបតីដែលមានវ័យក្មេងជាងគេមកពីគណបក្សប្រជាជនថ្មី​ និងថ្នាក់ដឹកនាំរបស់គណបក្សនេះ ដើម្បីស្វែងយល់អំពីប្រព័ន្ធ​ និងដំណើរការបោះឆ្នោត តាំងពីការចុះឈ្មោះ យុទ្ធនាការឃោសនារកសំលេងឆ្នោត​ និងទស្សនៈរបស់បេក្ខជនចំពោះដំណើរការបោះឆ្នោត​ និងលទ្ធផលឆ្នោត។

គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យ និងសង្កេតការណ៍បោះឆ្នោត​ ជាក់ស្តែងនៅតាមការិយាល័យបោះឆ្នោតមួយចំនួនក្នុងទីក្រុងម៉ូស្គូ បានជួបសម្ភាស៍អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ក្នុងស្រុកមកពីសង្គមស៊ីវិល​ និងពីគណបក្សរបស់បេក្ខជន ហើយក៏បានចូលរួមមើលការរាប់សន្លឹកឆ្នោតផងដែរ។

គណៈប្រតិភូក៏បានចូលរួមក្នុងកម្មវិធីប្រកាសលទ្ធផលបឋម ដែលរៀបចំឡើងដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតរុស្ស៊ី ដែលបានបង្ហាញឱ្យឃើញថា មានប្រជាជនរុស្ស៉ីចំនួន77,44%​ នៃប្រជាជនមានសិទ្ធិបោះឆ្នោតសរុបបានទៅចូលរួមបោះឆ្នោត ហើយ​ ឯកឧត្តមប្រធានាធិបតី​ វ៉្លាឌីមា ពូទីន បានឈ្នះការបោះឆ្នោតនេះ ដោយបានទទួលសំលេងគាំទ្រ 87,30%​ នៃសំលេងឆ្នោតបានការសរុបទាំងអស់។

គណៈប្រតិភូរដ្ឋសភាយើងក៏បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ស្តីពីលទ្ធផលសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤នេះ ជាមួយតំណាងក្រុមប្រទេស និងប្រទេសសង្កេតការណ៍ នានាផងដែរ។

គួរកត់សម្គាស់ថា ក្រៅពីគណៈប្រតិភូរដ្ឋសភា ក៏មានគណៈប្រតិភូព្រឹទ្ធសភា និងគណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៉ីឆ្នាំ២០២៤នេះផងដែរ។

Leave a Reply

Your email address will not be published.