ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍៖ ឆ្នាំទស្សនាសៀមរាប២០២៤ នឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ទៀត ដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀមរាប

សៀមរាប៖ ដើម្បីជួយទ្រទ្រង់បន្ថែមដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សុកេន បានឲ្យដឹងថា នឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាប។
មានប្រសាសន៍ប្រាប់អ្នកកាសែតជាតិ និងអន្តរជាតិប្រមាណជា៤០នាក់ នៅបរិវេណប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោក សុខ សុកេន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ ដែលជាឆ្នាំទស្សនាខេត្តសៀមរាប រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានលើកទឹកចិត្តជំរុញឲ្យមានសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងវប្បធម៌ ការតភ្ជាប់ទីផ្សារ ដែលនេះ ជាសកម្មភាពជួយទ្រទ្រង់បន្ថែមនូវអ្វីដែលជាសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។
រដ្ឋមន្ត្រីទេសចរណ៍ មានប្រសាសន៍ថា «កាលពីមករាមក យើងបានបើកជាផ្លូវការ ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា ចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នវប្បធម៌ចិនកំពូលៗ “អីចឹងយើងចង់បង្ហាញថា យើងយកចិត្តទុកដាក់ខ្ពស់ ហើយសកម្មភាព នឹងមានជាបន្តបន្ទាប់ ប្លែកៗ វប្បធម៌ ទេសចរណ៍ ហើយយើងសង្ឃឹមថា ជា ឆ្លើយតបទៅនឹងសកម្មភាពកំណត់នៅពេលខាងមុខដែលមានការតភ្ជាប់ជើងហោះហើរសំខាន់ៗបន្ថែមទៀត ទាំងទីផ្សារនៅស្រុកចិន និងនៅស្រុកឥណ្ឌា»។
សូមជម្រាបថា នៅក្នុងសកម្មភាពជួយស្តារសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ បានខិតខំដាក់ចេញនូវយុទ្ធសាស្ត្រនានា ក្នុងនោះការកំណត់យកឆ្នាំ២០២៤ជាឆ្នាំទស្សនាសៀមរាប ដោយបង្កើតនូវព្រឹត្តិការណ៍នានានៅក្នុងខេត្តមួយនេះ។ ជាក់ស្តែងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលទើបនឹងបញ្ចប់ទៅ បានទាក់ទាញអ្នកចូលមកកម្សាន្តទាំងជាតិ និងអន្តរជាតិប្រមាណជាង៥៥ម៉ឺននាក់៕

 

Leave a Reply

Your email address will not be published.