ព័ត៌មានជាតិ

ម្រោងវិនិយោគចំនួន ២៦៨ ដែលមានទុនវិនិយោគសរុបប្រមាណជិត ៤,៩ ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆ្នាំ ២០២៣

ភ្នំពេញ ÷ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣–
ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន ៧១ ត្រូវបានបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងទាំងនេះមានទុនវិនិយោគសរុបប្រមាណជិត ៤៩ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង។ ចំនួនគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មបានចូលរួម ចំណែកដល់ទៅប្រមាណ ៩២% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគប្រមាណ ៤៦% បានមកពីវិស័យនេះ។

ដោយឡែក វិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ដែលមានតែប្រមាណ ២,៦% នៃចំនួនគម្រោងវិនិយោគសរុប បានចូលរួមចំណែកដល់ទៅប្រមាណ ៤៤% នៃទុនវិនិយោគសរុប ដោយ សារចរិតនៃការវិនិយោគ ក្នុងវិស័យនេះត្រូវការទុនវិនិយោគច្រើន។ ជារួម លំហូរទុនវិនិយោគឯកជន នៅឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងរង្វង់ប្រមាណ ២២% ធៀបនឹងឆ្នាំ២០២២ ។

ប្រភពដដែលបានបន្តថា ជាការកត់សម្គាល់ គម្រោងវិនិយោគលេចធ្លោប្រចាំឆ្នាំ ២០២៣ រួមមាន ក្រៅតំបន់សេដ្ឋកិច្ចពិសេស វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម គឺ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំ ស្ថិតនៅស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣លានដុល្លារអាមេរិក, គម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៦លានដុល្លារអាមេរិក ,គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល (ផ្លែចេក) និងកសិដ្ឋានដាំដំណាំចេក ស្ថិតនៅស្រុកអូរ រាំងឪ ខេត្តត្បូងឃ្មុំ ក្នុងទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក។

ចំពោះ វិស័យឧស្សាហកម្ម គឺគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់ត៍ ស្ថិតនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្នុងទុនវិនិយោគ ប្រមាណ ៩៥លានដុល្លារអាមេរិក ,គម្រោងពង្រីកផលិតកម្មដំឡើងម៉ូតូ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគ ប្រមាណ ៣០លានដុល្លារអាមេរិក ,គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិ យោគប្រមាណ ១៦លានដុល្លារអាមេរិក , គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្ទាប់បន្សំស្បែកជើង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ១៣,៣លានដុល្លារអាមេរិក គម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ប្រមាណ ១២,៥លានដុល្លារអាមេរិក។ បន្ថែមពីនោះទៀត វិស័យទេសចរណ៍ មាន គម្រោងវិនិយោគអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍លើកោះទទឹង ស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ៣៧លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តទៀតថា វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ រួមមាន គម្រោងវិនិយោគសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តាម រូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក, គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្គាវ៉ាត់ ស្រុកមណ្ឌលសីមា និង គម្រោងសាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ ស្រុកថ្មបាំង ខេត្តកោះកុង តាមរូបភាព សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) ក្នុងទុនវិ និយោគប្រមាណ ៤៤៧,៥លានដុល្លារអាមេរិក ,គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តពោធិ៍សាត់ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគ ប្រមាណ ១៦៣,៨លានដុល្លារអាមេរិក , គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៩១,២លានដុល្លារអាមេរិក , គម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តស្វាយរៀង ស្ថិតនៅស្រុករំដួល ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ប្រមាណ ៦៥,៥លានដុល្លារអាមេរិក ,គម្រោងបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧លានដុល្លារអាមេរិក។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្ថែមថា ចំពោះក្នុងតំបន់សេដ្ឋកិច្ចពិសេស គម្រោងវិនិយោគលេចធ្លោ រួមមាន គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្ត ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ុ ស្នូល ខេត្តក្រចេះ ក្នុងទុនវិនិយោគចំនួន ១៣៨លានដុល្លារអាមេរិក , គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារអាមេរិក ,គម្រោងបង្កើតរោងចក្រផលិត និងបង្គំគ្រឿងអលង្ការ និងគ្រឿងលម្អផ្សេងៗ ធ្វើពីលោហៈ និងប្លាស្ទិក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៩ លានដុល្លារអាមេរិក។

គួរបញ្ជាក់ជូនផងដែរថា រំហូរទុន វិនិយោគក្នុងឆ្នាំ ២០២៣ ភាគច្រើនមានប្រភពមកពីប្រទេសចិន និង ក្នុងស្រុក ដោយបានរួមចំណែកជិត ៩០% នៃទុន វិនិយោគសរុប។ ប្រសិនបើពិនិត្យ មើលរបាយគម្រោងវិនិយោគ ក្នុងឆ្នាំ២០២៣ គម្រោងវិនិយោគភាគច្រើន មានទីតាំងស្ថិតក្នុងខេត្តកំពង់ស្ពឺ ហើយគម្រោងវិនិយោគមួយចំនួន ទៀតបានប្រមូលផ្តុំនៅរាជធានីភ្នំពេញ និងខេត្តជុំវិញរាជធានីភ្នំពេញ គឺខេត្តកណ្តាល និងខេត្តតាកែវ និងនៅតាម បណ្តាខេត្តដែលមានការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស គឺខេត្តស្វាយរៀង និងខេត្តព្រះសីហនុ៕

Leave a Reply

Your email address will not be published.