ព័ត៌មានសន្តិសុខសង្គម

ជនបង្កបើករថយន្ដ Hummer បុកស្លាប់២នាក់ម្ដាយ និងកូនតូច ខណៈប្ដីរបួសធ្ងន់ នៅខណ្ឌដូនពេញ ចូលខ្លួនមកសារភាពកំហុស

ភ្នំពេញ៖ ជនបង្កដែលបើករថយន្ដម៉ាក Hummer បុកមនុស្សចំនួន ២នាក់ ស្លាប់ទាំងកណ្ដាលរាត្រី នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានចូលខ្លួនសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។

 

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ថា ក្រោយចូលមកសារភាពទោសកំហុស នៅពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

 

ជនបង្កដែលជាអ្នកបើករថយន្ដ Hummer ឈ្មោះ យ៉េត ច័ន្ទគ្រិះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។

 

សូមរំឭកថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

ម៉ូតូជនរងគ្រោះ ម៉ាក NEX ពណ៌ស ពាក់ផ្លាកលេខព្រៃវែង1Q-7635 ជិះគ្នា៣នាក់ (ប្ដី ប្រពន្ធ និងកូនអាយុ២ឆ្នាំ) បើកបរទិសដៅពីត្បូងទៅជើង ចំណែកភាគីរថយន្តបង្កមិនស្គាលម៉ាក (សង្ស័យរថយន្ដ Hammer) មិនចាំផ្លាកលេខ បើកបរទិសដៅស្របគ្នា បានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង។ ក្នុងករណីនេះ បណ្ដាលប្រពន្ធឈ្មោះ គ្រួច សាមិត្ត អាយុ២០ឆ្នាំ ស្នាក់នៅភូមិដីថុយ ឃុំដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកូនអាយុ២ឆ្នាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈប្ដីរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

Leave a Reply

Your email address will not be published.