ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ស្លាប់៣នាក់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយពេញទំហឹងបោកផ្ទប់នឹងដើមឈើ

ភ្នំពេញ៖ ប្តី ប្រពន្ធ និងកូន បានជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ស្រាប់តែត្រូវរថយន្ត១គ្រឿង បើកបុកពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង ៣នាក់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ០០:១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទល់មុខអាផាតមិន១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមបណ្តោយវិថីព្រះសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ភ្លាមៗនោះគាត់បានឃើញរថយន្តបង្ក មានពណ៌ខ្មៅ មិនចាំម៉ាក និងស្លាកលេខនោះទេ។ រថយន្តនោះ បានបើកបរក្នុងល្បឿនលឿនពីក្រោយគាត់ ទិសដៅស្របទិសគ្នា ដោយសារសម្លេងឭ និងល្បឿនលឿនខ្លាំង គាត់បានអែបម៉ូតូទៅកៀន ស្រាប់តែឃើញរថយន្តបង្ក បើកទៅបុកម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ និងកូនក្មេងប្រុសវ័យប្រមាណជាង២ខួបម្នាក់ ខ្ទាតជាមួយនឹងម៉ូតូ១គ្រឿង ដែលអ្នកទាំង៣កំពុងតែជិះឌុបគ្នា។

អ្នកឃើញហេតុការណ៍បានបន្តថា ពេលនោះមនុស្សទាំង៣នាក់របួសធ្ងន់ ចំណែករថយន្តបង្កវិញបានបើករត់គេចបាត់ បន្សល់អ្នករបួសទាំង៣នាក់នៅកន្លែងកើតហេតុ ខណៈស្ត្រីជាម្តាយបានស្លាប់ បន្ទាប់ពីប្លោងទៅផ្ទប់ជាមួយដើមអំពិល ទោះជាមានគេជួយសង្គ្រោះបឋមក៏ដោយ។

អ្នកឃើញហេតុការណ៍បានបន្តថា រថយន្តបង្កបើកលឿនបញ្ជ្រាសទិសគ្នាជាមួយគាត់ ទៅបុកប្តី ប្រពន្ធ និងកូន ហើយស្ទើរតែរេចង្កូតបុកពួកគេទាំង២ថែមទៀតផង។ រថយន្តបង្កមានម៉ាក Hummer ពណ៌ខ្មៅ ពុំចាំស្លាកលេខទេ។

សូមបញ្ជាក់ថា ករណីនេះលុះដល់ម៉ោង ១:៣០នាទីរំលងអធ្រាត្រ កុមារតូចវ័យប្រមាណជាង២ឆ្នាំ ដែលត្រូវបានបញ្ជូនទៅសង្គ្រោះនោះ ក៏បានផុតដង្ហើម នៅក្នុងមន្ទីរពេទ្យ ខណៈលលាដ៏ក្បាលត្រូវបានបែក ចំណែកឆ្អឹងដងកាំបិតត្រូវបានបាក់ នៅសល់តែបុរសជាប្តី និងជាឪពុកក្មេងតូចនោះ កំពុងតែសង្គ្រោះបន្ទាន់ទាំងគ្មានសង្ឃឹម។ បន្ទាប់មកអ្នកទាំង៣ ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថាស្លាប់ទាំងអស់។

ករណីនេះក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ ក៏បានទាក់ទងទៅមន្ត្រីជំនាញចុះមកធ្វើការវាស់វែង ព្រមទាំងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំក្រុមគ្រួសារមកទទួល និងដាក់ពាក្យបណ្តឹងស្វែងរកជនបង្ក។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ៕

Leave a Reply

Your email address will not be published.