ព័ត៌មានជាតិ

គណៈប្រតិភូជប៉ុននៃមជ្ឈមណ្ឌលព៌ត័មានថាមពលអេឡិកត្រិកជប៉ុន ដឹកនាំក្រុមហ៊ុនសមាជិកមួយចំនួនរបស់ខ្លួន មកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូជប៉ុននៃមជ្ឈមណ្ឌលព៌ត័មាន ថាមពលអេឡិកត្រិកជប៉ុន (JEPIC) និងក្រុមហ៊ុនដែលជាសមាជិកមួយចំនួន ដែលដឹកនាំដោយ លោក អ៊ុហ្សឺមិ អូជិ ប្រធាននាយកដ្ឋាន ស្រាវជ្រាវនៃមជ្ឈមណ្ឌល (JEPIC) មកសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសវិស័យដែលទាក់ទងនឹងការបង្កើតថាមពលកកើតឡើងវិញ។

 

នៅក្នុងជំនួបជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា កាលពីព្រហស្បតិ៍ម្សិលមិញ លោក អ៊ុហ្សឺមិ អូជិ បានលើកឡើងថា ស្ថាប័ន JEPIC ជាមជ្ឈមណ្ឌលព៌ត័មានថាមពលអេឡិកត្រិក របស់ជប៉ុន ដែលបង្កើតឡើងដោយក្រុមហ៊ុនជប៉ុនអេឡិកត្រិកធំៗរួមគ្នា។ តំណាងស្ថាប័ន JEPIC ក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងចំណោមដំណើរទស្សនៈកិច្ចទាំងអស់របស់ស្ថាប័ន JEPIC ទៅកាន់ប្រទេសដ៏ទៃទៀត មានតែដំណើរទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជាលើកនេះទេ ដែលមានអ្នកចូល រួមដែលជាសមាជិកច្រើនជាងគេ ដែលនេះបានឆ្លុះបញ្ចាំងពីការមានចំណាប់អារម្មណ៏ខ្លាំងរបស់វិនិយោគិនជប៉ុនលើវិស័យថាមពល នៅក្នុងប្រទេសកម្ពុជា។

 

លោកបានគូសបញ្ជាក់ទៀតថា គោលបំណងនៃការអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាពេលនេះ គឺដើម្បីសិក្សាពីសកម្មភាព និងសមិទ្ធិផលចុងក្រោយបំផុតរបស់ឧស្សាហកម្មថាមពលអគ្គិសនី នៅកម្ពុជា។

 

ជាការឆ្លើយតប លោកអគ្គលេខាធិការ បានជម្រាបជូនសមភាគីជប៉ុនថា កម្ពុជាបានរៀបចំ នូវគោលនយោបាយស្តីពីការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ ដែលក្នុងនោះកម្ពុជាបានប្ដេជ្ញាចិត្ត នឹងប្រែក្លាយពីប្រទេសដែលមានឧស្សាហកម្មប្រើប្រាស់កម្លាំងពលកម្មច្រើន ទៅជាប្រទេសដែលមានឧស្សាហកម្មប្រើប្រាស់ជំនាញមធ្យមទៅជំនាញខ្ពស់

លោកបន្តថា កត្តានេះហើយ ដែលតម្រូវឱ្យមានការផ្គត់ផ្គង់ថាមពល អគ្គិសនីច្រើន និងមានស្ថិរភាព ហើយវាមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញឧស្សាហកម្មធំៗ។ សមភាគីជប៉ុន បានសន្យានឹងពាំនាំព៌ត័មានទាំងអស់ដែលបានពីកិច្ចពិភាក្សាការងារនាពេលនេះ ជូនសមាជិករបស់ខ្លួន ដើម្បីសិក្សាលទ្ធភាពក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។

 

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន ១៥០គម្រោង ក្នុងតម្លៃទុនវិនិយោគសរុបប្រមាណ ២,៩ប៊ីលានដុល្លារអាមេរិក។

 

ក្នុងនោះគម្រោងលេចធ្លោរបស់ជប៉ុន មានដូចជា គម្រោងវិនិយោគផ្សារទំនើប, គម្រោងវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត, គម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូទ័រខ្នាតតូច, គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍អគ្គិសនី, និងគម្រោងវិនិយោគសាងសង់ អាជីវកម្មមន្ទីរពេទ្យ និងគម្រោងវិនិយោគលើវិស័យទេសចរណ៍ ជាដើម៕

Leave a Reply

Your email address will not be published.