ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (European Union – EU)

 

រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣

ទីស្តីការក្រសួង៖ កាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសហភាពអឺរ៉ុប (EU) ដឹកនាំដោយ ឯកឧត្តម Igor Driesmans (អ៊ីហ្គ័រ ឌ្រីសមែន្ស) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

 

ជំនួបនារសៀលនោះ បានពិភាក្សាផ្តោតលើការងារពាក់ព័ន្ធនឹងវិស័យមួយចំនួន ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង រួមមាន៖ (១)ការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអនាម័យនៅតាមបណ្តាខេត្តគោលដៅ (២)ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (៣)ការងារទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអត្រាស្លាប់ប្រចាំថ្ងៃ ដែលជារឿងមួយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនាពេលបច្ចុប្បន្ន ព្រមទាំងពិភាក្សាលើការងារផ្សេងៗមួយចំនួនទៀតផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម តាមរយៈវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយរំពឹងថា ភាគីកម្ពុជានឹងទទួលបានកិច្ចសហប្រតិបត្តិការពីសហភាពអឺរ៉ុបនាពេលអនាគត៕

Leave a Reply

Your email address will not be published.