ព័ត៌មានជាតិ

ក្រុមហ៊ុនចិន កំពុងពិនិត្យលទ្ធភាពបង្កើតតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត នៅប្រទេសកម្ពុជា

 

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃចន្ទម្សិលមិញនេះ បានទទួលជួបជាមួយលោក Li Laiqing អគ្គនាយកក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. ដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។

 

បន្ថែមពីលើនេះ ក្រុមហ៊ុន ក៏បានបង្ហាញគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្តន៍ មន្ទីរពេទ្យ និងគ្លីនិក ជាដើម។

 

គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។

 

ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។

 

ក្រុមហ៊ុននេះរួមបញ្ចូលការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែលទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យ ជាដើម៕

Leave a Reply

Your email address will not be published.