ពោធិ៍សាត់៖ នៅរសៀលថ្ងៃចន្ទទី២០ ខែមីនា ឆ្នាំ ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានធ្វើពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរចូលរួមផងដែរ ។

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ និងថ្លែង
អំណរគុណ ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល និងឯកឧត្តម អភិបាលរងខេត្ត ដែលបានផ្តល់កិត្តិយស ជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនមន្ត្រីនគរបាលជាតិ ចំនួន១៥៧រូប ក្នុងនោះប្រកាសតួនាទីភារកិច្ចចំនួន ៥៩រូប ។

ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការធ្វើពិធីនាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ដែលយកចិត្តទុកដាក់បំពេញភារកិច្ច និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំទទួលលទ្ធផល បានល្អប្រសើរ ។

ឯកឧត្តមអភិបាលរង បានបន្តទៀតថា លោកមានភាពរីករាយ និងចូលរួមអបអរសាទរ និងកោតសរសើរដល់កងកម្លាំងនគរបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំស្នងការដ្ឋានក្នុងការរៀបចំផែនការការពារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេលកន្លងមក និងការងារការពារធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានល្អប្រសើរ និងទាន់ពេលវេលា ការងារការពារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ទទួលបានជោគជ័យ ចូលរួមការពារសុវត្ថិភាពបងប្អូនពលករចំណាកស្រុក និងចូលរួមការងារការពារក្នុងកំឡុងពេលកូវីដ១៩ ។

ទន្ទឹមនេះ ឯកឧត្តមអភិបាលរង សំណូមពរ និងជម្រុញ ឲ្យកងកម្លាំងនគរបាល បន្តការសហការពង្រឹង ការចេញល្បាតតាមភូមិសាស្រ្តសំខាន់ បង្ការ ទប់ស្កាត់សកម្មភាពក្មេងទំនើង និងបទល្មើសផ្សេងៗគ្រប់ប្រភេទ និងចាត់វិធានការបង្ក្រាប ឲ្យខាងតែបាន ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានមានប្រសាសន៍ ផ្តាំផ្ញើជូនកងកម្លាំងដែលទើបនឹងទទួលបានការតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ នាពេលនេះ ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានសមស្រប ត្រឹមត្រូវ រក្សាបានកិត្តិយស លើកកម្ពស់គុណតម្លៃ ជាមន្ត្រីនគរបាលជាតិ និងត្រូវបន្តពង្រឹងឆន្ទៈ យកចិត្តទុកដាក់ អនុវត្តការងារ តាមបញ្ជារបស់ថ្នាក់ដឹកនាំឲ្យបានល្អប្រសើរ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ សង្គម និងរក្សាសន្តិភាព ដើម្បីមានការរីកចម្រើន ៕

By pcs

Leave a Reply

Your email address will not be published.

You missed