ចេញផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អម ដំណើរដោយ អស់លោក លោកស្រីជាថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាយកទៅចែកជូនដល់ជនងាយរងគ្រោះ និងមានជីវភាព ខ្វះខាតចំនួន ៥៨គ្រួសារ មកពីឃុំចំនួន៥ របស់ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែល ពិធីនេះ ធ្វើនៅក្នុងបរិវេណវត្តថ្មី ឃុំស្រង៉ែ ស្រុកព្រៃឈរ។

នៅឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានពាំនាំនូវ បណ្តាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងអាណិត អាសូរ ជាទីបំផុតដែលជានិច្ចកាល សម្ដេចតែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូប ពិសេសជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការ នយោបាយ ឬសាសនាអ្វីឡើយ ហើយតែងបានចាត់តំណាង ឱ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។

ឯកឧត្តម អ៊ិន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមយក ចិត្តទុកដាក់ ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវ ប្រកាន់ខ្ជាប់នូវអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន វិធានសុខាភិបាល ” ៣ការពារ ៣កុំ” និងបន្តទៅចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ទី៣ ទី៤ ទី៥ និងទី៦ ឱ្យបានគ្រប់ៗគ្នា ហើយទាំងអស់ គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ នៅក្នុងរដូវប្រាំងនេះដែល អាចបង្កនូវការរាំងស្ងួតកង្វះខាតទឹកប្រើប្រាស់ ជួបបញ្ហាខ្យល់កន្ត្រាក់ ពិសេសគ្រោះ អគ្គិភ័យជាដើម អាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និង អាយុជីវិត ជាយថាហេតុ។

ចំពោះអំណោយមនុស្សធម៌ ដែលបានផ្តល់បងប្អូនទាំង ៨៥គ្រួសារ ដោយក្នុង ១ គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត១កញ្ចប់ (សារុង មុង ភួយ ក្រមា ) សាប៊ូលុច្ស ៤ដុំ, អាវយឺត ៤, ម៉ាស ១០បន្ទះ និងថវិកាចំនួន ៥០ ០០០រៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងសហការី ក៏បានអញ្ជើញប្រគេន អង្ករ១០០គីឡូក្រាម, ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ ២០ម៉ឺនរៀល ដល់ព្រះចៅអធិការវត្តថ្មីផងដែរ៕

By pcs

Leave a Reply

Your email address will not be published.