.
នារសៀលថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ និយ័តករ មូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសន្និសីទប្រចាំឆ្នាំ២០២២ ស្តីពី “ការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. នៅទីស្ដីការ ន.ម.ក.។
សន្និសីទនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជាវេទិកានៃការជជែកពិភាក្សាប្រចាំឆ្នាំរវាង ន.ម.ក. ផ្សារមូលបត្រកម្ពុជា ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ដើម្បីប្រមូលនូវធាតុចូល សម្រាប់ដាក់ចេញនូវផែនការជំរុញការអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការកំណត់ ទិសដៅ និងផែនការអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅក្នុងឆ្នាំ២០២៣ ព្រមទាំងការចូលរួមគាំទ្រដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
សន្និសីទនេះ មានអ្នកចូលរួមសរុបចំនួន ៥០ រូប ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃ ន.ម.ក., ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា និងសហការី, ក្រុមហ៊ុនធានាទិញ មូលបត្រ, ក្រុមហ៊ុនពាណិជ្ជករមូលបត្រ, ក្រុមហ៊ុនឈ្មួញជើងសាមូលបត្រ,ក្រុមហ៊ុនចែកចាយលក់មូលបត្រ, ក្រុមហ៊ុន ទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនទីប្រឹក្សាវិនិយោគ ព្រមទាំងមានការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស កញ្ញា Mariza Ung មកពីក្រុមហ៊ុន VDB Loi ផងដែរ។ សន្និសីទនេះ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់ ព្រមទាំង មានការសាទរពីអ្នកចូលរួមទាំងអស់ពីភាពរីកចម្រើននៃវិស័យមូលបត្រនៅកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធបានបង្ហាញពីឆន្ទៈនៅក្នុងការចូលរួមយ៉ាងសកម្មជាមួយ ន.ម.ក. ដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា ឱ្យរីកចម្រើនកាន់តែខ្លាំង៕













