បន្ទាយមានជ័យ៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធបើកការដ្ឋានកសាងផ្លូវបេតុងចំនួន៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់អភិបាលស្រុកភ្នំស្រុករួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ ថ្វាយប្រគេន និងជូនចំពោះ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់ព័ន្ធស្រុកភ្នំស្រុក ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដីនៃមាតុភូមិបានយ៉ាងរឹងមាំ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាគឺអភិវឌ្ឍប្រទេសប្រកបដោយចិរភាព កសាងសង្គមកម្ពុជាឲ្យកាន់តែទំនើប និងប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៤ “មនុស្ស ផ្លូវ ភ្លើង ទឹក” ដែលមាននៅក្នុងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល។ ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៍។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័បណ្តាញគមនាគមន៍ត្រូវបានតភ្ជាប់ប្រទាក់ក្រឡាគ្នា ពីទីប្រជុំជនទៅកាន់តំបន់ ជនបទ ព្រំដែន និងភូមិ ឃុំដាច់ស្រយាល ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការចរាចរទំនិញ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ អគ្គិសនីត្រូវបានតភ្ជាប់បណ្តាញទៅកាន់ស្រុក ក្រុង និងមូលដ្ឋានឃុំ សង្កាត់ រហូតដល់ភូមិ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថាការកសាងប្រព័ន្ធគមនាគមន៍ គឺជាបង្កើតសសៃឈាមសេដ្ឋកិច្ចសម្រាប់ វិស័យដឹកជញ្ជូនពហុមធ្យោបាយ តភ្ជាប់ទៅប៉ូលសេដ្ឋកិច្ចសំខាន់ៗ និងអភិវឌ្ឍរបៀងសេដ្ឋកិច្ចគន្លឹះឲ្យកាន់តែមានលក្ខណៈងាយស្រួលនិងប្រកួតប្រជែង ក៏ដូចជាសម្រួលដល់ការធ្វើដំណើរ និងទេសចរណ៍ប្រជាពលរដ្ឋ។ ដូចនេះការបើកការដ្ឋាន កសាងផ្លូវបេតុងចំនួន៥ខ្សែ ប្រវែងជាង២០០០ម៉ែត្រ នៅស្រុកភ្នំស្រុកនៅព្រឹកនេះ នឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធិផលនានារបស់ខេត្តបន្ទាយមានជ័យ ក្នងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមូលដ្ឋាន បង្កើនល្បើនក្នុងការធ្វើដំណើរ ដឹកជញ្ជូន និងបានតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចនានា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅតាមមូលដ្ឋាន និងថែរក្សា ជួសជុលបណ្តាញគមនាគមន៍ដែលមានស្រាប់ និងកំពុងរងការខូចខាត ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។