ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឆ្លើយតបចំនួនពីរចំណុចទៅនឹងអត្ថបទរបស់វិទ្យុបារាំងអន្តរជាតិ ក្រោមចំណងជើងថា ៖ “ចាប់ខ្លួនលោក ថាច់ សេដ្ឋា៖ ទូតអាមេរិកជំរុញអាជ្ញាធរឱ្យពង្រឹងលទ្ធិប្រជាធិបតេយ្យ មុនការបោះឆ្នោតថ្នាក់ជាតិ” ដែលបានចុះផ្សាយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

ការឆ្លើយតបទាំងពីរចំណុចនោះគឺ ទី១ មធ្យោបាយដ៏ល្អបំផុត ក្នុងការធានាឯករាជ្យសម្រាប់ប្រទេសតូចមួយ ដូចជាកម្ពុជា គឺការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬការគាំទ្រភាគីម្ខាងប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។ ទី២ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិទាំងអស់មកជាមួយនឹងកាតព្វកិច្ច ដូចមានចែងក្នុងច្បាប់ជាតិ។ ការមិនគោរពកាតព្វកិច្ចទាំងនោះនឹងនាំឱ្យមានផលវិបាកតាមផ្លូវច្បាប់។ ករណីនៃការសម្រុកចូលអគារសភាក្នុងទីក្រុងវ៉ាស៊ីនតោន និងកុបកម្មដែលបំផ្លាញវិមានប្រធានាធិបតី និងសភាក្នុងទីក្រុងប្រេស៊ីលៀ ដែលបាននាំឱ្យមានការផ្តន្ទាទោសតាមផ្លូវច្បាប់ គឺជាឧទាហរណ៍នៃផលវិបាកទាំងនេះ។

ដោយឡែក កាលពីពេលថ្មីៗនេះ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការឃាត់ខ្លួន លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថា ជាការអនុវត្តច្បាប់សុទ្ធសាធ ដោយមិនមានពាក់ព័ន្ធនឹងនយោបាយនោះទេ។

សូមរម្លឹកថា ការឃាត់ខ្លួនថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សភ្លើងទៀនរូបនេះ គឺបានធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ ពាក់ព័ន្ធបទល្មើសចេញសែកស្អុយ និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ហើយបន្ទាប់មកត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នដើម្បីដំណើរការនីតិវិធីតុលាការ៕

By pcs

Leave a Reply

Your email address will not be published.