រាជធានីភ្នំពេញ ៖ នាពេលព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ចក្ខុវិស័យនិងយុទ្ធសាស្ត្រស្តីពី សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល”។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនៃបណ្តាក្រសួង ស្ថាប័ន, អគ្គលេខាធិការដ្ឋានលេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់ទាំង ៤ រួមមាន អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, លេខាធិការដ្ឋាននៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ, និងលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានពាក់ព័ន្ធមួយចំនួនផងដែរ។

សិក្ខាសាលាពិគ្រោះយោបល់នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់បន្ថែមលើឯកសារសំខាន់ៗចំនួន ៣ គឺ (១)-សេចក្តីព្រាងចក្ខុវិស័យនិងយុទ្ធសាស្ត្រ សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១, (២)-សេចក្តីព្រាងអនុក្រឹត្យស្តីពីយន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល និង(៣)-សេចក្តីព្រាងផែនការសកម្មភាពនៃចក្ខុវិស័យនិងយុទ្ធសាស្រ្តស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១។

By pcs

Leave a Reply

Your email address will not be published.