នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខារ​ប្រមាញ់​និង​នេសាទ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

ជាបឋម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ លោក​រដ្ឋមន្ត្រី​វេ​ង សាខុន តាមរយ​: ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ ហើយ​ជា​ប្រាកដ​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID បាន​នឹង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យ​មាន ការរីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល កែប្រែ​កម្រិតជីវភាព និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ទំនើប​ទាន់សម័យ ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍ សំដៅ​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​នាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។

នាឱកាស​នេះ លោក​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​របស់លោក​រដ្ឋមន្ត្រី និង​ជាពិសេស​កិច្ចសហការ​បានល្អ​ប្រសើ​រ​រវាង​ក្រសួង និង​ទីភ្នាក់ងារ USAID ក្នុងការ អនុវត្ត​គម្រោង​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។

ឆ្លៀតឱកាស​នេះ លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ណែនាំ​នាយក​ទីភ្នាក់ងារ USAID ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បំពេញការងារ សម្រាប់​វិស័យ​កសិកម្ម ហើយ​សង្ឃឹមថា​លោកស្រី​នឹង​រួមសហការ​បានល្អ​ជាមួយ​ក្រសួង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព និរន្តរភាព និង​វិបុលភាព នាពេល​អនាគត​។

លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ផងដែរ​ថា ស្ថានទូត​នឹង​រៀបចំ​សម្ពោធ​ការិយាល័យ US Department of Agriculture ក្នុងពេល​ឆាប់ៗ​ខាងមុខ ហើយ​លោក​ឯកអគ្គរដ្ឋទូត​សង្ឃឹមថានឹង​អញ្ជើញលោក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​ផងដែរ​។​លោក​ថា ចំពោះ​ការិយាល័យ​នេះ នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​តាមរ​យ​:​ការបណ្តុះ​បណ្តា​ធនធានមនុស្ស និង​ការផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ​ដែលជា​យន្តការ​គន្លឹះ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​។

ដោយឡែក​ចំពោះ​គម្រោង Harvest 2 ទាក់ទង​អនុវិស័យ​សាកវប្បកម្ម ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ត្រជាក់ Cold Chain Logistic System ដោយ​ប្រើ​សូ​ឡា ដើម្បី​ជួយ​ដល់​វិស័យ​ដឹកជញ្ជូន​បន្លែ ផ្លែឈើ ត្រី សាច់​កម្ពុជា​ឲ្យ​កាន់ តែ​ល្អប្រសើរ ធានាបាន​គុណភាព សុវត្ថិភាព និង​តម្លៃ លោក​ឯកអគ្គរដ្ឋទូត​ថា​នឹង​រៀបចំ​កម្មវិធី​អញ្ជើញលោក​រដ្ឋមន្ត្រី​ចុះទៅ​រួមគ្នា​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​លើ​លទ្ធផល​សម្រេចបាន​រប​ស់​គម្រោង​។

លោក​វេ​ង សាខុន បាន​សម្តែង​នូវ​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​គម្រោង Cold Chain Logistic System ព្រោះ​លោក​បញ្ជាក់ថា​វា​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម​បន្លែ ផ្លែឈើ ត្រី សាច់​ឲ្យ​កាន់តែ​ល្អប្រសើរ​ជា​ជំហានៗ​ផ្អែកទៅលើ​ក​ស្តង់ដារ​ផលិត វេច​ខ្ចប់ ថែ​ក្សា​រ ដឹកជញ្ជូន និង​ដាក់តាំង​បង្ហាញ​ពិតប្រាកដ​មួយ ដែល​ត្រូវបាន​ទទួលស្គាល់​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។

លោក​បានបញ្ជាក់​បន្ថែម​ថា នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​កសិផល សុខភាព​អ្នក​បរិភោគ និង​កំណើន​តម្លៃបន្ថែម​។ ចុងក្រោយ រដ្ឋមន្ត្រី​វេ​ង សាខុន ក៏បាន​ស្នើសុំ​ឯកអគ្គរដ្ឋទូត​ឲ្យ​ជួយ​ពិនិត្យ​លើ​ការកសាង​ធនធានមនុស្ស​ទាំង​វិស័យ​ឯកជន មន្ត្រីរាជការ និង​ប្រជាកសិករ​ក្នុង​សហគមន៍ ដើម្បី​បំពេញបន្ថែម​នូវ​សមត្ថភាព​ក្នុងការ​អនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ សមស្រប និង​មាន ប្រសិទ្ធភាព ស្របទៅតាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ទាំង​សេដ្ឋកិច្ច និង​សង្គម ពិសេស​ស្របតាម​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​ឆ្ក​ង​កូ​វិដ​-១៩ និង​ទិសដៅ​នៃ​ការនាំចេញ​នាពេល​អនាគត​៕

By pcs

Leave a Reply

Your email address will not be published.