ភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣- ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី បានថ្លែងអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងកូវីដ១៩ ដល់ពលរដ្ឋរដ្ឋឥណ្ឌូណេស៊ី ដែលកំពុងរស់នៅ និងធ្វើការងារនៅកម្ពុជា។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ស៊ូឌៀម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្ដែង ការគួរសម និងជម្រាបលានាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព មុនពេលដែលឯកឧត្ដមវិលត្រឡប់ទៅប្រទេសវិញ ក្រោយបញ្ចប់បេសកកម្មការទូតរយៈពេលជា៤ឆ្នាំនៅកម្ពុជា ។ ក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានបង្ហាញការអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាដែលទទួលជោគជ័យយ៉ាងត្រចះត្រចង់ នៃកិច្ចប្រជុំកំពូលកំពូលអាស៊ានកន្លងទៅ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងផ្សេងទៀត។ ឯកឧត្ដមបញ្ជាក់ថា ភាពជោគជ័យនេះ បានជំរុញដល់ការលើកទឹកចិត្តដល់ប្រទេសឥណ្ឌូណេស៊ី បន្តវេនជាប្រធានអាស៊ាននៅក្នុងឆ្នាំនេះ។ ជាមួយគ្នានេះ ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរ និងជូនពរឱ្យកម្ពុជាបានជោគជ័យ ក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេម ២០២៣នាពេលខាងមុខនេះទទួលបានជោគជ័យបន្តទៀត។ ឯកឧត្ដម ក៏បានអបអរសាទរ និងកោតសរសើរ ព្រមទាំងអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានសម្រេចដាក់ឈ្មោះផ្លូវពីរ ដោយយកឈ្មោះអតីតថ្នាក់ដឹកនាំឥណ្ឌូណេស៊ី ដែលបង្ហាញពីការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងមិត្តភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ។ ឯកឧត្តម Sudirman Haseng បន្តថា នេះអាចជាការភស្តុតាងគ្រប់គ្រាន់ សម្រាប់អ្នកជំនាន់ក្រោយបានរៀនសូត្រអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលធ្វើឱ្យទំនាក់ទំនង ទ្វេភាគីកាន់តែរឹងមាំ។

ឯកឧត្ដមឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ក៏បានអរគុណផងដែរចំពោះការចូលរួមឧបត្ថម្ភនានា ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ បានជួយប្រជាជនឥណ្ឌូណេស៊ីដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសកម្ពុជា បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ និងសម្រួលការរស់នៅប្រកបដោយក្ដីសុខ។ ឯកឧត្ដមបានជម្រាបសម្តេចថា រយៈពេលបួនឆ្នាំដែលបានបំពេញបេសកកម្មការទូតនៅប្រទេសកម្ពុជា ឯកឧត្ដមបានមើលឃើញអំពីការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា ជាពិសេសលើសុខសន្ដិភាពស្ថិរភាព និងការរីកចម្រើនយ៉ាងលឿន។ ឯកឧត្តម Sudirman Haseng ក៏បានអបអរសាទរចំពោះជោគជ័យដែលកម្ពុជាមានកំណើនសេដ្ឋកិច្ច ងើបពីវិបត្តិជំងឺកូវីដ១៩ ហើយក៏បានអបអរសាទររដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលមានរីកចម្រើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទោះបីជាមានបញ្ហាជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ។ ឯកឧត្ដមសង្ឃឹមថា ក្រោយពីការបើកព្រំដែនឡើងវិញ ការហោះហើរត្រង់នឹងចាប់ផ្តើមនៅក្នុងពេលឆាប់ឆាប់ខាងមុខ ធ្វើឱ្យប្រជាជនមានទំនាក់ទំនងទៅវិញទៅមកសម្រួលដល់ការដឹកជញ្ជូន ទេសចរណ៍ ពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងផ្សេងទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានអរគុណផងដែរ ចំពោះការវាយតម្លៃខ្ពស់ប្រកបដោយវិជ្ជមានដល់ការរីកចម្រើនប្រទេសកម្ពុជា ។ សម្តេចបានមានប្រសាសន៍ថា ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅនេះ មិនអាចកាត់ផ្តាច់ពីការជួយគាំទ្រពីប្រទេសភាគីឥណ្ឌូណេស៊ី និងបណ្ដាប្រទេសជាមិត្ត ជាពិសេស ឥណ្ឌូណេស៊ីបានគាំទ្រឱ្យប្រទេសទីម័រឡេស្តេ ចូលជាសមាជិកអាស៊ាន ដែលអាចនឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ។ សម្តេចតេជោ ក៏បានរំឭកផងដែរថា សម្ដេចផ្ទាល់បានគាំទ្រឱ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលការខិតខំទាំងនេះ បានសម្រេចដោយជោគជ័យនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅភ្នំពេញ។សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ឯកអគ្គរដ្ឋទូត និងសហការី ដែលបានជួយសម្រួលដល់ការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសឥណ្ឌូណេស៊ីបានជួយហ្វឹកហ្វឺនកងទ័ពកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា ឥណ្ឌូណេស៊ី បានចាប់ផ្ដើមកសាងទំនាក់ទំនង ជាមួយនឹងព្រះមហាក្សត្រព្រះបរមរតនកោដ្ឋ ហើយបន្តបន្ទាប់មក គឺទំនាក់ទំនងនេះបានពូនជ្រុំ ជាពិសេសឥណ្ឌូណេស៊ី ក៏បានចូលរួមចំណែកស្វែងរកសន្តិភាពជូនកម្ពុជា តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនាំឱ្យកម្ពុជាមានសន្តិភាព៕

By pcs

Leave a Reply

Your email address will not be published.