ទាំងក្នុងវិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសុទ្ធតែបានរាយការណ៍ពីឱសថបុរាណពីរប្រភេទ ដែលគ្រប់គ្នានិយមទទួលទានញឹកញាប់ តែមិនបានដឹងពីផលប្រយោជន៍នៃការប្រយុទ្ធប្រឆាំងនឹងកូវីដ ព្រមទាំងជួយប្រព័ន្ធភាពស៊ាំក្រោយចាក់វ៉ាក់សាំងរួច។
CDC ធ្លាប់បានណែនាំថា អ្នកទទួលវ៉ាក់សាំងកូវីដគួរតែផឹកទឹកឲ្យបានច្រើន បន្ទាប់ពីចាក់ថ្នាំឬមុនចាក់ ជាពិសេសប្រសិនបើមានគ្រុនក្ដៅ។ ជាការល្អប្រសិនបើអ្នកមិនសូវចូលចិត្តទឹក អាចងាកមកហូបតែបៃតង មិនថាដាក់ទឹកកកឬជាប្រភេទតែក្ដៅ។ ការផឹកភេសជ្ជៈទាំងនេះគឺជាវិធីល្អបំផុតក្នុងការធ្វើឲ្យរាងកាយមានជាតិទឹកឡើងវិញ (ជាពិសេសប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងបន្ទប់រង់ចាំក្រោយចាក់វ៉ាក់សាំងរួច) វាអាចឲ្យខ្លួនអ្នកទទួលបានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម។
ជាការពិតតែបៃតងក៏ត្រូវបានគេសិក្សាឃើញថា ជួយប្រយុទ្ធប្រឆាំងនឹងកូវីដ។ យោងតាមការសិក្សាឆ្នាំ ២០២០ ដែលបានចុះផ្សាយក្នុងទស្សនាវដ្ដី Frontiers សមាសធាតុគីមីមួយចំនួនត្រូវបានរកឃើញនៅក្នុងតែបៃតង (ក៏ដូចជាសូកូឡាខ្មៅ) អាចទប់ស្កាត់មុខងាររបស់អង់ស៊ីមសំខាន់មួយក្នុងចំណោមវីរុស SARS-CoV-2 ដែលជាមូលហេតុនៃជំងឺឆ្លង។ នៅពេលដែលអង់ស៊ីមនេះបាត់បង់មុខងាររបស់វា នោះវីរុសមិនអាចចម្លងនិងរាលដាលពាសពេញរាងកាយបានទៀតទេ។
ការផឹកតែបៃតងក៏អាចផ្ដល់នូវអត្ថប្រយោជន៍សុខភាព ដ៏មានសក្ដានុពលផ្សេងទៀតផងដែរ ដោយការសិក្សាបានបង្ហាញថា វាអាចកាត់បន្ថយហានិភ័យនៃការស្លាប់ពីជំងឺទឹកនោមផ្អែម គាំងបេះដូងនិងជំងឺដាច់សរសៃឈាមខួរក្បាល។
ដោយឡែកចំពោះតែរមៀត ថ្មីៗនេះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមួយនៅ Jamaica បានចាប់ផ្ដើមផ្ដល់តែរមៀតដល់អ្នកជំងឺដែលកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ។ តែរមៀតត្រូវបានគេដឹងថាជួយទប់ស្កាត់ការការរលាក ដែលជាស្ថានភាពសរីរវិទ្យាធ្វើឲ្យរាងកាយងាយរងគ្រោះពីគ្រោះថ្នាក់នៃវីរុស ហើយនេះក៏ជាមធ្យោបាយមួយមានសុវត្ថិភាពនិងប្រសិទ្ធភាពបំផុតសម្រាប់អ្នកទើបចាក់វ៉ាក់សាំងឬកំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ៕