បាត់ដំបង៖ អ្នកជំនាញលើការសិក្សា លោក ទន់ ភក្តី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តបាត់ដំបង បានលើកទឹកចិត្តដល់អ្នកសិក្សាទាំងអស់ ត្រូវខិតខំអានឱ្យបានច្រើន ព្រោះការអានគឺជាមធ្យោបាយមួយ ដែលធ្វើឱ្យយើងមានចំណេះដឹង និងក្លាយជាមនុស្សមានតម្លៃ ព្រមជាមួយនេះវាគ្មិននឹងផ្តល់ទស្សនៈទាន និងបទពិសោធន៍អំពីដំណើរជីវិតជាអ្វីមួយ ដែលយើងទាំងអស់គ្នាចង់បានសម្រាប់ធ្វើឱ្យជីវិតយើងមានការដឹកនាំប្រ សើរ។

ការថ្លែងនេះនៅក្នុងឱកាសបើកសិក្ខាសាលាពិភាក្សាតុមូលស្តីពី អំណាន និងដំណើរជីវិត ដែលបានរៀបចំធ្វើឡើងនៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME ខេត្តបាត់ដំបង ដើម្បីបង្ហាញនូវគន្លឹះសំខាន់ៗ ក្នុងការបង្កើនការលើកទឹកចិត្តដល់អ្នកសិក្សា និងមនុស្សទូទៅនៅក្នុងសង្គមមានទម្លាប់ល្អ ក្នុងការអានឱ្យបានច្រើន ដើម្បីបង្កើននូវចំណេះដឹងរបស់ខ្លួនផងដែរ។

លោក ទន់ ភក្តី បានបញ្ជាក់ថា ការអាន គឺជាផ្នែកមួយនៃជីវិត។ សង្គមមួយខ្លាំង គឺជាសង្គមដែលមានប្រជាជនអានច្រើន និងនិយមចូលចិត្តការសិក្សារៀនសូត្រជាប្រចាំ។

លោក រំលេចឱ្យដឹងថា ដោយសារតែកត្តានេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យដោយកំណត់យក ថ្ងៃទី១១ ខែមីនា ជារៀងរាល់ឆ្នាំ ធ្វើជា “ទិវាជាតិអំណាន” ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន ការលើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ ដើម្បីរួមចំណែកការពារ និងពង្រឹងវប្បធម៌ជាតិខ្មែរ។

លោក សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ខេត្តបាត់ដំបង បានអំពាវនាវដល់អ្នកសិក្សាទាំងអស់ ត្រូវចាប់ផ្តើមអានអ្វីស្រាលៗ ដែលងាយយល់ហើយចូលចិត្ត ។ នេះគឺជាតំណាក់កាលដែលធ្វើឱ្យយើងមានទម្លាប់អាន បន្ទាប់ពីមានទម្លាប់អានហើយ ទើបឈានទៅប្រើទម្លាប់អាននោះ អានអ្វីដែលមានសារប្រយោជន៍ ពាក់ព័ន្ធនឹងការដឹកនាំជីវិត ក៏ដូចជាការចញ្ចឹមជីវិតរបស់ខ្លួន ការពង្រីកនៃការអានឱ្យកាន់តែមានវិសាលភាពធំឡើងៗចូលទៅក្នុងវិស័យផ្សេងៗ មានន័យថា ប្រភពនៃការអានដំបូង គឺផ្តើមចេញពីខ្លួនយើង ដែលមានឆន្ទៈដឹកនាំជីវិតឱ្យល្អ និងមានលទ្ធភាពចញ្ចឹមជីវិតបាន។

លោក ទុន ភក្តី បានណែនាំឱ្យអង្គវេទិកាទាំងអស់ត្រូវត្រងត្រាប់ចាំស្ដាប់ដោយការយកចិត្តទុកដាក់ពីសំណាក់វាគ្មិន និងចូលរួមលើកជាសំណួរ ដើម្បីក្រេបយកនូវចំណេះដឹង និងបទពិសោធន៍ដ៏កម្រទាំងនេះសម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាតិ ពីព្រោះក្មួយៗនេះហើយគឺជាទំពាំងស្នងឫស្សីបន្តវេននៅថ្ងៃអនាគត៕

By pcs

Leave a Reply

Your email address will not be published.

You missed