ប្រាសាទបាភួន ឫបាពួន មានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រលានជល់ដំរី ក្នុងតំបន់អង្គរ ខេត្តសៀមរាប។

ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយ ព្រះបាទឧទ័យទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។

ប្រាសាទនេះមានចម្លាក់ខុសពីប្រាសាទផ្សេងៗទៀត គឺឆ្លាក់នៅលើថ្មតូចៗ ស្រដៀងនឹងឥដ្ឋ។ ចម្លាក់នេះនៅសេសសល់តិចតួចប៉ុណ្ណោះ។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។

ប្រាសាទនេះជាប្រភេទប្រាសាទភ្នំតំណាងឲ្យភ្នំព្រះសុមេរុ មានកំពែងប្រវែង ៤២៥ x ១២៤ ម៉ែត្រ ព័ទ្ធជុំវិញ។ លក្ខណៈពិសេសមួយទៀតនៃប្រាសាទនេះ គឺផ្លូវចូលប្រវែង ២០០ម៉ែត្រ នៅទិសខាងកើត មានលក្ខណៈជាស្ពានទ្រដោយសសរមូលបីជួរ។ នៅជាន់ទីមួយ ទីពីរ ទីបី នៃប្រាសាទមានថែវធ្វើពីថ្មភក់។

ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែ ភូវន តែប៉ុណ្ណោះ ហើយពាក្យថា ភូវន ក្លាយជា ភូន វិញ។ ពាក្យ ត្រីភូវន មានន័យថា អ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំណែកពាក្យដែលក្លាយទៅជា ពួន គឺមានន័យថាលាក់បំបាំងកាយ ដែលប្រាស់ចាក់ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់។

សូមបញ្ជាក់ថាប្រាសាទបាពួននេះ អាចត្រូវបានជួសជុលយ៉ាងតិចចំនួន ៣ ដង រួចមកហើយ គឺៈ
– លើកទី១ នៅស.វទី១៦
– លើកទី២ នៅទសវត្សរ៍ឆ្នាំ ១៩៦០ និង
– លើកទី៣ នៅឆ្នាំ ១៩៩៥ ដោយទើបតែបញ្ចប់ការជួសជុលនៅថ្ងៃ៣ ខែកក្កដា ឆ្នាំ២០១១ នេះប៉ុណ្ណោះ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed