ចេញផ្សាយថ្ងៃទី ២៥ ខែកុម្ភ: ឆ្នាំ ២០២៣
រតនគិរី៖ លោក ហ៊ិន វិនអភិបាលរងស្រុក តំណាងលោក សេក ហៃ អភិបាលស្រុកកូនមុំ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំកម្លាំងអាវុធមូលដ្ឋានស្រុកកូនមុំ,កម្លាំងនគរបាលស្រុកកូនមុំនិងអាជ្ញាធរឃុំស្រែអង្ក្រងបានចុះដោះស្រាយករណីក្រុមហ៊ុនថាកូអាគ្រី(THACO AGRI)អតីតក្រុមហ៊ុនហ័ងអាញ់មានទីតាំងនៅភូមិ៣ឃុំស្រែអង្ក្រងស្រុកកូនមុំ បំរុងបិទផ្លូវប្រជាពលរដ្ឋនិងកម្មករមិនឲ្យកសិផលនិងធ្វើដំណើរឆ្លងកាត់ដោយបង្វែរឲ្យធ្វើដំណើរឆ្លងកាត់តាមក្រុមហ៊ុនដូនពេញអាគ្រីកូតាមផ្លូវជាតិលេខ៧៦ដែលមានទីតាំងនៅភូមិស្រែឈូកឃុំជ័យឧត្តមស្រុកលំផាត់មានចម្ងាយជាង១០០គីឡូម៉ែត្រទៅវិញក្រោមហេតុផលជួសជុលផ្លូវ។

លោក ជា ជាតិ តំណាងប្រជាពលរដ្ឋប្រមាណ៧០០គ្រួសាររស់នៅនិងធ្វើកម្មករក្នុងក្រុមហ៊ុនខាងលើបានរៀបរាប់ឲ្យដឹងថាពួកគាត់អាស្រ័យផ្លូវនេះតាំងពីក្រុមហ៊ុនមិនទាន់ដំណើរការមកម៉្លេះ,ដូច្នេះពួកគាត់មកតវ៉ាថ្ងៃនេះគឺសុំឲ្យអាជ្ញាធរស្រុកកូនមុំសម្របសម្រួលជាមួយក្រុមហ៊ុនឲ្យធ្វើដំណើរចេញ-ចូលនិងដឹកកសិផលមកលក់ខាងក្រៅជាធម្មតា។

តំណាងប្រជាពលរូបនេះបន្តថាផ្លូវនេះមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នេះប្រកបរបរចិញ្ចឹមជីវិតដូចជាដឹកបន្លែ,ផ្លែឈើ,ត្រីសាច់ជាដើមផ្គត់ផ្គង់បងប្អូនប្រជាពលរដ្ឋនិងកម្មករធ្វើការទីនោះគ្រាន់បានកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃ។ជាងនេះទៅទៀតបើខាងក្រុមហ៊ុនបិទផ្លូវក្រោមហេតុផលជួសជុលនោះវាបង្កផលប៉ះធ្ងន់ណាស់ដូចជាដាំដំណាំបានផលមិនអាចដឹកមកទីផ្សារនៅទីជិតៗ,ឈឺស្កាត់ពេលយប់,ស្ត្រីឈឺពោះឆ្លងទន្លេទម្រាំធ្វើដំណើរវាងទៅផ្លូវជាតិលេខ៧៦ស្រុកលំផាត់មានចម្ងាយជាង១០០គីឡូម៉ែត្រ។

ចំណែកស្ត្រី ឈ្មោះ ស៊ឹម សាមិត្ត តំណាងឲ្យអាណាព្យាបាលសិស្សបានរៀបរាប់ឲ្យដឹងថាក្នុងទីតាំងក្រុមហ៊ុនគ្មានសាលារៀនទេ,ពួកគាត់ត្រូវនាំកូនចៅមករៀនដែលមានសាលានៅក្បែរទីតាំងក្រុមហ៊ុនហើយបើបិទផ្លូវឲ្យកូនចៅធ្វើដំណើរវាងមករៀនទាន់ពេលវេលាដែរឬអត់?!

ជាក់ស្ដែងនៅព្រឹកថ្ងៃសៅរ៍ទី២៥ ខែកុម្ភ:ឆ្នាំ២០២៣នេះកូនចៅពួកគាត់មិនបានទៅរៀនទេដោយខាងក្រុមហ៊ុនបិទមិនឲ្យរថយន្តចូលទៅដឹកសិស្ស។
ទាក់ទិនទៅនឹងករណីខាងលើនេះលោក ហ៊ីន វិន អភិបាលរងស្រុក តំណាងលោក សេក ហៃអភិបាលស្រុកកូនមុំបានប្រាប់​ CNC នៅរសៀលថ្ងៃដដែលនេះថាអាជ្ញាធរបានជួបតំណាងក្រុមហ៊ុនជាគោលការណ៍ឯកភាពគ្នាឲ្យបើកផ្លូវបណ្តោះអាសន្នសិន,លើកលែងតែរថយន្តធុនធំមិនអនុញ្ញាតឲ្យឆ្លងកាត់ហើយរថយន្តធុនតូចមួយចំនួនមុនចេញ-ចូលខាងក្រុមហ៊ុនធ្វើការត្រួតពិនិត្យ។

លោកបន្តថាការចុះដោះស្រាយថ្ងៃនេះទទួលបានលទ្ធផលល្អមានការយោគយល់គ្នាគឺរង់ចាំថ្នាក់ដឹកនាំក្រុមហ៊ុននិងជួបប្រជុំជាមួយអាជ្ញាធរនៅពេលក្រោយ,ហេតុផលដែលក្រុមហ៊ុនថាជួសជុលផ្លូវក៏ត្រូវមានផ្លូវនោះក៏បិទម្ខាង,បើកម្ខាង,បើធ្វើវាងក៏ឲ្យមានលក្ខណៈសមរម្យពួកគាត់អាចទទួលយកបានពោលគឺអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនទុកបងប្អូនប្រជាពលរដ្ឋឲ្យរងានោះទេ៕

By pcs

Leave a Reply

Your email address will not be published.