អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅលើប្រាសាទបាយ័ន្ត ដើម្បីសម្រួលដល់លំហូរការចូលទស្សនារបស់ភ្ញៀវទេសចរ ក្នុងប្រាសាទកុំឱ្យកកកុញ។
លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងនៅថ្ងៃទី១៨ ខែមករានេះថា ការរៀបចំវង់ទស្សនាថ្មី នៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំលំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ នៅពេលអ្នកទេសចរណ៍ដើរទស្សនាផ្ទាំងចម្លាក់ មិនបានគ្រប់ជ្រុងជ្រោយ។ លោកបញ្ជាក់ថា ការរៀបចំនេះ ក៏ក្នុងបំណងឱ្យទេសចរបានដឹងពីគុណតម្លៃប្រាសាទដែលមានដូចជាប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ ដែលកន្លងមកទេសចរតែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគំលាតសុវត្ថិភាពដល់ទេសចរ ខណ:ដែលជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយផងដែរ។ ការធ្វើដូច្នេះ អាចកាត់បន្ថយពីហានិភ័យ រក្សាគំលាតបានច្រើន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានបន្តថា វង់ទស្សនាថ្មីនេះ មានជំរើសក្នុងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ខណ: ដែលជាន់ទី៣ បានបិទបណ្ដោះអាសន្ន ដើម្បីធ្វើការជួសជុល។ ការទស្សនាខ្សែទី១ មានរយ:ពេល ១ម៉ោងនិង៤៥នាទី, ខ្សែទី២ មានរយ:ពេល ៥៥នាទី និងខ្សែទី៣ មានរយ:ពេល ៤៥នាទី។ បន្ថែមពីនេះ ការរៀបចំវង់ទស្សនាថ្មីនេះ ក៏មានការរៀបចំចំណុចទីតាំង ដែលថតរូបភាពស្អាតចំនួន៤កន្លែង ដើម្បីឱ្យទេសចរផ្តិតរូបភាពពួកគេ ជាមួយចំណុចពិសេសទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំផ្ទាំងព័ត៌មានថ្មី នៅតាមរោងទង ចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន។

បើតាមលោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍រូបនោះ បន្ថែមថា កន្លងមកអាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំវង់ទស្សនានេះនៅតាមប្រាសាទផ្សេងៗទៀតរួចហើយ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រីជាដើម។ លោកបានឱ្យដឹងទៀតថា អាជ្ញាធរជាតិអប្សរា ក៏កំពុងគិតគូរក្នុងការរៀបចំតាមប្រាសាទដទៃទៀតផងដែរ ក្នុងន័យរៀបចំលំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះជាដើម៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *