ចេញផ្សាយ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៣
ភ្នំពេញ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារបានបង្ហាញនូវសេចក្តីសង្ឃឹមដ៏ខ្ពស់ថា ការផ្តួចផ្តើម របស់ថ្នាក់ដឹកនាំកម្ពុជានិងឡាវកាលពីពេលថ្មីៗនេះ នឹងបន្តពូនជ្រុំនូវចំណងមិត្តភាព និងទំនាក់ទំនងជាប្រពៃណីល្អរវាងខេត្តព្រះវិហារ និង ចំប៉ាសាក់ប្រទេសឡាវដែលមានស្រាប់ ហើយឈានទៅរកការពង្រឹកនិងពង្រីកលើវិស័យដ៏មានសក្តានុពលផ្សេងទៀត គឺវិស័យ កសិកម្ម ពាណិជ្ជកម្ម និង ទេសចរណ៍រវាងខេត្តទាំងពីរ ។

ឯកឧត្តម គឹម រិទ្ធី បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)ថា ខេត្តព្រះវិហារ គឺជាខេត្តមួយដែលមានព្រំដែនជាប់ជាមួយនឹងខេត្តចំប៉ាសាក់ប្រវែងប្រមាណជា ១៤០ គីឡូម៉ែត្រ ដូចនេះការផ្តួចផ្តើម នៅក្នុងការតភ្ជាប់រវាងខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់ ដោយរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឡាវកាលពីពេលថ្មីៗនេះ នឹង កាន់តែធ្វើឲ្យចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរជាពិសេសគឺរវាងខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់ផ្ទាល់កាន់តែល្អ ។

ឯកឧត្តម បានមានប្រសាសន៍ថា អាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តទាំងពីរគឺកំពុងតែមានទំនាក់ទំនងនឹងគ្នាយ៉ាងល្អប្រសើរ ហើយការតភ្ជាប់រវាងខេត្តទាំងពីរ គឺនឹងកាន់តែ ធ្វើឲ្យ ទំនាក់ទំនង លើវិស័យកសិកម្ម ទេសចរណ៍ និង ពាណិជ្ជកម្ម នៅក្នុងក្រមខណ្ឌសេដ្ឋកិច្ចនិងអភិវឌ្ឈន៍គឺរិតតែប្រសើរ ។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បន្ថែមថា ខេត្តទាំងពីរជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្មដូចគ្នា និងជាខេត្តដែលមានវប្បធម៌ប្រពៃណីយូរអង្វែងស្រដៀងគ្នា។ ហើយខេត្តទាំងពីរក៏តែងតែមានគោលបំណងនៅក្នុងការផ្សារភ្ជាប់ជាមួយគ្នា ។ ខេត្តព្រះវិហារនិងចំប៉ាសាក់ក៏ជាខេត្តដែលមានសក្តានុពលលើ វិស័យទេសចរណ៍ ដោយសារតែប្រជាជននៅក្នុងខេត្តទាំងពីរមានវប្បធម៌ និង ប្រពៃណីស្រដៀងគ្នា ។ ក្រៅពីនោះ ខេត្តទាំងពីរក៏បានកំពុងតែសម្លឹងទៅរកការពង្រឹងនិងពង្រីកលើការធ្វើពាណិជ្ជកម្មជាមួយគ្នាជាពិសេសគឺនៅលើការផ្លាស់ប្ដូរផលិតផលកសិកម្ម ។

ពាក់ព័ន្ធនឹងការតភ្ជាប់រវាងខេត្តព្រះវិហារនិងខេត្តចំប៉ាសាក់នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពេលធ្វើសន្និសីទកាសែតរួមគ្នាជាមួយនឹង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថា កម្ពុជា និងឡាវ បានព្រមព្រៀងគ្នាជំរុញការតភ្ជាប់ខេត្តរវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ហើយខេត្តរតនៈគីរីនិងខេត្ត អាតាពើ ដើម្បីជាអំណោយផលសម្រាប់ជំរុញទំនាក់ទំនងប្រជាជន និងប្រជាជន និង ការអភិវឌ្ឈន៍តំបន់ព្រំដែនប្រទេសទាំងពីរ ។

ក្រៅពីនោះ នៅក្នុងដំណើរទស្សនៈកិច្ចរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី ១៣ដល់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ប្រមុខរដ្ឋាភិបាលឡាវ ក៏បានពិភាក្សាស៊ីជម្រៅអំពីស្ថានភាពនៃទំនាក់ទំនងទ្វេភាគី និង ទិសដៅអនាគតដើម្បីបន្តពង្រឹងចំណងមិត្តភាព ជាប្រពៃណី ទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន រួមមាននយោបាយនិងសន្តិសុខ ការពារជាតិ កិច្ចការព្រំដែន ពាណិជ្ជកម្ម និង វិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ ។

មកដល់ពេលនេះការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងឡាវ បានកំពុងតែមានសភាពវិជ្ជមាន ពោលគឺមានកំណើនកើនឡើងពី ១៦០ លានដុល្លារនៅក្នុងឆ្នាំ២០២១ មកដល់ ២១០ លានដុល្លារនៅក្នុងឆ្នាំ ២០២២ ៕

By pcs

Leave a Reply

Your email address will not be published.