លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានអះអាងថា ដើម្បីការពារសុខុមាលភាព និងការពារផលប្រយោជន៍សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណី​ចិន និងវៀតណាម ដែលនឹងឈានចូលមកដល់នៅថ្ងៃខាងមុខនេះ អគ្គនាយកដ្ឋានក.ប.ប. បានដាក់ចេញនូវបទបញ្ជា ឲ្យបណ្តាសាខាក.ប.ប.ទូទាំងរាជធានី-ខេត្ត ចេញប្រតិបត្តិការ ត្រួតពិនិត្យតាមបណ្តាផ្សារ ទីតាំងលក់ដុំ និងឃ្លាំងស្តុកស្តុកនានា។

ការចុះត្រួតពិនិត្យនេះ គឺដើម្បីទប់ស្កាត់ពីការប្រើប្រាស់ ផលិតផលគ្មានគុណភាព ហួសសុពលភាពប្រើប្រាស់ មានសារធាតុគីមី ឬសំណល់ថ្នាំកសិកម្ម ការលក់ដំឡើងថ្លៃ កឹបកេងយកផលចំណេញហួសហេតុពីប្រជាពលរដ្ឋ។

លោក ផាន អូន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែមករានេះថា ការត្រួតពិនិត្យនេះ ត្រូវបានគាំទ្រ ដោយរថយន្តពីសោធន៍ចល័ត ផ្នែកម្ហូបអាហារចំនួន ៥គ្រឿង ដែលត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប. ប្រគល់ឲ្យបណ្តាសាខាគ្រប់គ្រង និងប្រើប្រាស់ នៅតាមបណ្តាចង្កោមខេត្ត របស់ខ្លួន។ ក្រៅពីនេះ មន្រ្តីជំនាញបានដកយកគំរូ មកវិភាគនៅមន្ទីរពិសោធន៍ខា្នតតូច ដែលមាននៅតាមបណ្តាសាខា និងមន្ទីពិសោធន៍ធំ របស់អគ្គនាយកដ្ឋានក.ប.ប.ផងដែរ។ ម្ហូបអាហារដែលជាគោលដៅ នៃការត្រួតពិនិត្យរួមមាន៖ បន្លែ ផ្លែឈើ ត្រី សាច់ ផលិតផលសមុទ្រ និងគ្រឿងឧបភោគ បរិភោគផ្សេងទៀត។

អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានឲ្យដឹងដែរថា ក្នុងឆ្នាំ ២០២១កន្លងទៅ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋានក.ប.ប. បានរកឃើញទំនិញដែល មិនអនុលោមនឹងបទប្បញ្ញត្តិចំនួន ៤៨ តោន ៦០០គីឡូក្រាម និងមេតាណុលប្រមាណ ២០០តោន។ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ បានចុះត្រួតពិនិត្យទីផ្សារបានចំនួន ៣៧លើក ដោយរឹបអូសផលិតផលមានភាពមិនអនុលោមនឹងបញ្ញត្តិប្រមាណ ១.៧០តោនមកកំទេចចោល។ ទំនិញទាំងនោះ ភាគច្រើនជាផលិតផលម្ហូបអាហារ ភេសជ្ជៈ និងផលិតផលប្រើប្រាស់ មួយចំនួន។

លោក ផាន អូន បានបញ្ជាក់ទៀតថា ក្រៅពីរឹបអូលផលិតផល ដែលមិនអនុលោមនឹងបទបញ្ញត្តិ មកកំទេចចោល មន្រ្តីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានក.ប.ប. ដែលទទួលបាននីតិសម្បទារ ជានគរបាលយុត្តិធម៌ បានធ្វើការពិន័យអន្តការណ៍ ទៅតាមនីតិវិធី និងបានណែនាំដល់ម្ចាស់ទំនិញទាំងនោះ ឲ្យមានការប្រុងប្រយ័ត្ន ពិនិត្យទំនិញរបស់ខ្លួនឲ្យបានត្រឹមត្រូវ មុនដាក់លក់ជូនអ្នកប្រើប្រាស់៕

By pcs

Leave a Reply

Your email address will not be published.