(ព្រៃវែង)៖ សំណុំរឿងឃាតកម្មសម្លាប់ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង កម្លាំងដែលដឹកនាំដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកដោយជោគជ័យ និងឈានដល់ការចាប់ខ្លួនជនដៃដល់បាននៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ករណីឃាតកម្មនេះបានកើតឡើង នៅថ្ងៃទី០៦ ខែវិច្ឆិកា ហើយសាកសពត្រូវបានគេប្រទះឃើញ និងបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី០៧ ខែវិច្ឆិកាម្សិលមិញ នៅក្នុងប្រលាយអូរ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច។

ប្រតិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជាពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

លោកវរសេនីយ៍ឯក មុំ ចេក នាយការិយាល័យរដ្ឋបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន CNM News ឲ្យដឹងថា ជាលទ្ធផលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយអង្គការ CPU និងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យទ្បើងវិញ ដោយបានវះកាត់សាកសពពិនិត្យឃើញថា មានភក់នៅក្នុងបំពង់ក និងក្នុងសួត, បាក់ឆ្អឹងជំនីខាងស្ដាំខ្លួនសាកសព។

ក្រោយមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់កំណត់បានមុខសញ្ញាម្នាក់ឈ្មោះ យ៉ែម សុផែន អាយុ២១ឆ្នាំ ស្នាក់នៅភូមិទួលជៃ ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង មកធ្វើការសាកសួរ និងបានសារភាពថា កាលពីយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខ្លួនបានទៅចូលរួមកម្មវិធីខួបកំណើតកូនរបស់អ្នកជិតខាង រហូតដល់វេលាម៉ោងប្រហែល ២២៖០០នាទី ម្ចាស់កម្មវិធីបានប្រើខ្លួនឲ្យទៅទិញ ទឹកកក ពេលធ្វើដំណើរតាមផ្លូវក៏ប្រទះឃើញក្មេងស្រីរងគ្រោះឈរនៅមុខផ្ទះ។

ពេលនោះខ្លួនឈប់ម៉ូតូ និងបបួលក្មេងស្រីរងគ្រោះទៅផឹកស៊ីដែរ ហើយក្មេងស្រីនោះក៏យល់ព្រមឡើងជិះម៉ូតូ ពេលធ្វើដំណើរតាមម៉ូតូក្មេងស្រីរងគ្រោះបានជិះឱបចង្កេះខ្លួន ធ្វើឲ្យមានអារម្មណ៍ផ្លូវភេទ ទើបខ្លួនដឹកក្មេងស្រីរងគ្រោះទៅចំណុចកើតហេតុខាងលើ រួចក៏ធ្វើសកម្មភាពចាប់ស្ទាបអង្អែល តែត្រូវក្មេងស្រីនោះរើបំរាស់ ដោយខ្លាចបែកការខ្លួនក៏ច្រាន ក្មេងស្រីរងគ្រោះទម្លាក់ក្នុងអូរ ហើយចាប់សង្កត់ច្រមុជក្នុងទឹកអូរនោះរហូតដល់ដាច់ខ្យល់។

ក្រោយធ្វើសកម្មភាព សម្លាប់ក្មេងស្រីរួចហើយខ្លួនក៏ជិះម៉ូតូទៅផ្ទះធ្វើដូចគ្មានរឿងអ្វីកើតទ្បើង រហូតដល់សមត្ថកិច្ចទៅនាំខ្លួនមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែង ផ្តន្ទាទោសតាមនិតិវិធីច្បាប់៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed