ភ្នំពេញ៖ លោក Takeshita Tomohiro នាយកសាលាហាម៉ាម៉ាស្សី មកពីទីក្រុង Hamamastu Japan បានលើកឡើងថា លោកទើបតែមកដល់ប្រទេសកម្ពុជាលើកដំបូងប៉ុណ្ណោះ ហើយនៅពេលមកដល់ អ្វីដែលលោកបានចាប់អារម្មណ៍ខ្លាំងនោះគឺ យុវជននាពេលបច្ចប្បន្នមានចំនួនច្រើន ផ្ទុយពីប្រទេសជប៉ុននាពេលបច្ចប្បន្ន ដែលសម្បូរទៅដោយមនុស្សចាស់ទៅវិញ។
ការដែលឃើញកម្លាំងយុវជនច្រើនដូចនេះ លោកនាយកសាលារូបនេះ បានពោលពាក្យថា នេះជាឱកាសកម្ពុជាម្តងហើយ ដែលត្រូវចាប់យកយុវជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដូចប្រទេសជប៉ុនកាលពីអតីតកាល ស្រដៀងនឹងប្រទេសកម្ពុជាបច្ចុប្បន្នដែរ។ ការណ៍នេះ ដោយសារតែកម្លាំងយុវជន និងកាចេះចាប់យកយុវជនរបស់ប្រទេសជប៉ុននេះហើយ ទើបធ្វើឱ្យមានការរីកលូតលាស់ជាលំដាប់លើគ្រប់វិស័យ រហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក និងមានគេស្គាល់ប្រទេសជប៉ុនច្បាស់តាមរយៈវប្បធម៌ ដោយសារតែការផ្សព្វផ្សាយបានទូលំទូលាយដោយយុវជននេះឯង។ ប៉ុន្តែពេលនេះជាពេលវេលារបស់កម្ពុជាវិញម្តងហើយ។
លោកនាយកសាលារូបនេះ បានបញ្ជាក់ថា ការដែលលោកមើលឃើញ និងចាប់អារម្មណ៍លេីយុវជនកម្ពុជាដូចនេះ គឺបន្ទាប់ពីលោកបានសង្កេតមើលទៅលើយុវជនកម្ពុជាតាមរយៈនៃការចូលរួម ការនិយាយស្តី និងការប្តេជ្ញាចិត្ត របស់យុវជនកម្ពុជា ជាដើម។ លោកបានលើកឡើងដូចនេះ នៅក្នុងពិពណ៌ការសិក្សានៅប្រទេសជប៉ុន នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន(JAICA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាស្វែងយល់ពីការសិក្សានៅក្នុងប្រទេសជប៉ុន ការទទួលបានព័ត៌មានពីការសិក្សា ក៏ដូចជាអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ជាដើម។
ទន្ទឹមនឹងនេះ លោកក៏មានការផ្តល់អាហារូបករណ៍សម្រាប់សិស្សនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ តាមរយៈនៃការប្រកតួតប្រជែងគ្នា ដើម្បីបានទៅសិក្សានៅប្រទេសជប៉ុន។ លោកក៏បានប្រាប់យុវជនកម្ពុជាផងដែរថា ក្នុងសម័យឌីជីថលនេះ យុវជនត្រូវតែដើរឱ្យទាន់សង្គមក្នុងស្រុក និងសង្គមខាងក្រៅប្រទេស តាមរយៈនៃការផ្លាស់ប្តូរការសិក្សាគ្នាទៅវិញទៅមក ការស្វែងយល់ពីវប្បធម៌គ្នាផងនោះ នឹងធ្វើឱ្យយុវជនមានភាពល្អប្រសើ និងជឿនលឿននៅថ្ងៃអនាគតបាន។
ជាមួយគ្នានេះ លោក ស៊ុយ សារ៉េត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាទីប្រឹក្សារាជរដ្ឋាភិបាលផងនោះ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជនទាំងនៅជនបទ និងទីក្រុង តាមរយៈទទួលបានការសិក្សាស្មើៗគ្នា។
លោកសាស្ត្រាចារ្យក៏បានធ្វើការណែនាំដល់យុវជនផងដែរថា ទន្ទឹមនឹងទទួលបានការសិក្សាហើយនោះ យុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចេះផ្លាស់ប្តូរការអប់រំ ហើយក៏សំខាន់ទៀតនោះគឺ ការផ្សាភ្ជាប់នូវការទំនាក់ទំនងការសិក្សានៅក្រៅប្រទេស ដោយត្រូវចេះប្រៀបធៀបប្រទេសរបស់ខ្លួន និងប្រទេសនៅលើពិភពលោក ហើយយត្រូវប្រមូលគំនិតល្អៗដើម្បីយកមកអភិវឌ្ឍន៍ប្រទេសខ្លួនឱ្យជឿនលឿនដូចគេ។ ម្យ៉ាងវិញទៀតយុវជនកុំភ្លេចធ្វើការចែករំលែក ផ្សព្វផ្សាយនូវវប្បធម៌របស់ខ្លួនទៅក្រៅប្រទេសឱ្យបានទូលំទូលាយផងដែរ ដើម្បីឱ្យគេបានស្គាល់ពីវប្បធម៌របបស់ខ្មែរកាត់តែច្បាស់ថែមទៀត។
សូមបញ្ជាក់ថា ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ តែងតែផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសជប៉ុន។ មិនថានិស្សិតអាហារូបករណ៍ ឬនិស្សិតបង់ថ្លៃនោះទេ រដ្ឋាភិបាលជប៉ុនតែងតែយកចិត្តទុល្ខដាក់ដូចគ្នា តាមស្តង់ដាសិក្សាប្រទសជប៉ុន។ នេះបើតាមការអះអាងរបស់ លោក Takeshita Tomohiro នាយកសាលាហាម៉ាម៉ាស្សី មកពីទីក្រុង Hamamastu Japan៕






