កោះកុង៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា សម្រេចផ្តល់នាវាល្បាតសមុទ្រចំនួន ៧គ្រឿងជូនដល់ខណ្ឌរដ្ឋបាលផលតំបន់ឆ្នេរទាំង៤ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការអនុវត្តទប់ស្កាត់ និងបង្រ្កាបល្មើសនេសាទខុសច្បាប់។

ការផ្តល់សម្ភារៈជានាវានេះ ធ្វើឡើងក្រោម​គម្រោង​ហិរញ្ញប្បទានឥត​សំណងរបស់​សហភាព​អឺរ៉ុបនៃកម្មវិធី CAPFISH-Capture ​និងចូលរួមទម្លាក់ប្រអប់បេតុងសម្រាប់ជាជម្រកសិប្បនិម្មិត និង​ទប់ស្កាត់បទល្មើសនេសាទ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យដឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា ​នាវាល្បាតចំនួន៧គ្រឿងថ្មីបន្ថែមទៀតនេះ បំពាក់ផ្តល់ជូនអធិការដ្ឋាន​រដ្ឋបាល​ជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរទាំង៤ នៅក្នុងខេត្តកោះកុង ព្រះសីហនុ កែប និងកំពត ដើម្បីឆ្លើយតបទៅនឹងសកម្មភាពក្នុងសូចនាករដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបន្ដថា វាក៏ជាការអនុវត្តផែនការសកម្មភាពត្រួតពិនិត្យ និង​អធិការកិច្ចជលផលសមុទ្រ (NPCI) ​និងផែនការសកម្មភាពជាតិស្តីពីការបង្ការ ទប់ស្កាត់ និង​លុបបំបាត់ការនេសាទខុសច្បាប់​ គ្មានរបាយការណ៍​ និងគ្មានការអនុញ្ញាត ក្នុងដែន​នេសាទ​សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា (NPOA-IUU)។

ឯកឧត្តមរដ្ឋមន្ត្រី វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលខេត្តកោះកុង​សម្រេចបានប្រកប​ដោយមោតនភាព ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗប្រកបដោយភាពទាក់ទាញយ៉ាងរស់រវើក ដែល​ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ ឯកឧត្តម ក៏រំពឹងថា មន្រ្តីជំនាញថ្នាក់ក្រោម នឹង​យក​សម្ភារៈនាវាខាងលើនេះ ទៅប្រើប្រាស់អោយត្រូវគោលដៅក្នុងការបង្រ្កាបបទល្មើសនេសាទ និងត្រូវធ្វើការថែរក្សារនាវាអោយបានល្អ ​និងមានប្រសិទ្ធិភាពខ្ពស់។

គួរកត់សម្គាល់ថា សហភាពអឺរ៉ុបបានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង​កម្មវិធីជំរុញ​កំណើន​វិស័យ​កសិកម្មប្រកបដោយចីរភាព ​និងបរិយាប័ន្ននៃអនុវិស័យជលផល​ និងអនុវិស័យផលិតកម្មសត្វ ចាប់​ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ដែលបានរួមចំណែកជំរុញកំណើនក្នុងវិស័យកសិកម្ម ដោយផ្តោត​ជាសំខាន់​លើការអភិវឌ្ឍអនុវិស័យជលផល និងផលិតកម្មសត្វ។

ក្នុងរយៈពេល២ឆ្នាំនៃការអនុវត្តគម្រោងកម្មវិធី​ CAPFISH-Capture កន្លងមកនេះ សហភាពអឺរ៉ុប​បានផ្តល់​នូវមធ្យោបាយ នាវាល្បាត រថយន្ត ម៉ូតូ សម្ភារៈការិយាល័យ និងសម្ភារៈ សម្រាប់​អនុវត្តសកម្មភាពនៅមូលដ្ឋានជាច្រើន ​ដល់អង្គភាពអនុវត្តសកម្មភាពផ្ទាល់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

By pcs

Leave a Reply

Your email address will not be published.